ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD (Build Your Dream) កំពុងតែស្ដែងឱ្យឃើញជោគជ័យមួយកម្រិតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ដោយបានយកឈ្នះលើ Tesla ដើម្បីក្ដោបក្ដាប់ចំណែកទីផ្សាររថយន្តអគ្គិសនីជាង ¼ ដែលបានលក់ចេញនៅក្នុងតំបន់នេះ។
ទន្ទឹមនឹងតម្លៃដ៏ទាក់ទាញ ជោគជ័យដំបូងៗរបស់ BYD ត្រូវបានគេរកឃើញថា កើតចេញពីរូបមន្តសហការចែកចាយជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុក អនុញ្ញាតឱ្យក្រុមហ៊ុនចិនមួយនេះអាចពង្រីកទីផ្សារ ដឹងអំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងឆ្លងផុតការកំណត់នានារបស់បណ្ដារដ្ឋាភិបាល។ នេះបើតាមដៃគូសហការ ក៏ដូចជាអ្នកចែកចាយរបស់ BYD។
រូបមន្តដែល BYD អនុវត្តគឺដូចទៅនឹងវិធីដែលបណ្ដាក្រុមហ៊ុនជប៉ុនធ្លាប់បានអនុវត្តក្នុងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍កាលពីច្រើនទសវត្សរ៍កន្លង។ យុទ្ធសាស្ត្រខាងលើបាន និងកំពុងជួយឱ្យ BYD ដណ្ដើមបានចំណែកទីផ្សារយ៉ាងឆាប់រហ័ស ខុសពីរូបមន្តចែកចាយផ្ដាច់មុខរបស់ Tesla ថ្វីបើមានចំណុចអវិជ្ជមានខ្លះ។
«បច្ចុប្បន្ន BYD យកចិត្តទុកដាក់លើការអភិវឌ្ឍពាណិជ្ជសញ្ញាជាជាងអត្រាចំណេញ» Soumen Mandal អ្នកវិភាគជាន់ខ្ពស់របស់ Counterpoint Research ឱ្យដឹងដូច្នេះ និងបន្តថា «តាមរយៈការផ្ដល់ប្រាក់ចំណេញច្រើនដល់តំណាងចែកចាយនៅតាមបណ្ដាប្រទេស BYD អាចចិញ្ចឹមទំនុកចិត្ត និងភាពស្មោះត្រង់ បើកផ្លូវសម្រាប់ការពង្រីកទីផ្សារបន្ថែមទៀត»។
យោងតាម Counterpoint ក្រុមហ៊ុន BYD កាន់កាប់ចំណែកទីផ្សាររថយន្តខ្នាតតូចប្រមាណ 26% ប៉ុន្តែកំពុងរីកចម្រើនយ៉ាងខ្លាំងក្លានៅអាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទីពីរ ឆ្នាំ 2023។
រថយន្តអគ្គិសនីមាន 6.4% ក្នុងចំណោមរថយន្តទេសចរណ៍នៅអាស៊ីអាគ្នេយ៍ក្នុងត្រីមាសទីពីរ កើនឡើងបើធៀបនឹង 3.8% ក្នុងត្រីមាសមុននោះ។ អាស៊ីអាគ្នេយ៍អាចក្លាយជាតំបន់សំខាន់ចំពោះបណ្ដាក្រុមហ៊ុនផលិតរថយន្តចិន បន្ទាប់ពីគណៈកម្មការអឺរ៉ុប កាលពីសប្ដាហ៍កន្លងបានប្រកាសឱ្យដឹងអំពីការស៊ើបអង្កេតមួយទាក់ទិននឹងការឧបត្ថម្ភដល់រថយន្តអគ្គិសនីរបស់ចិន៕