ឆាសាច់មាន់ជាមួយស្វាយទុំ និងគ្រាប់ស្វាយចន្ទី ពិតជាចម្លែកបន្តិចហើយមើលទៅ ព្រោះមានទាំងរសជាតិផ្អែមនៃស្វាយទុំ រសជាតិឈ្ងុយនៃគ្រាប់ស្វាយចន្ទី ព្រមទាំងជាតិសាច់នៃសាច់មាន់រំលីងទៀត ពិតជាឆ្ងាញ់មាត់ហើយមុខម្ហូបមួយមុខនេះ។ ដូច្នេះចង់ដឹងពីវិធីចម្អិនមុខម្ហូបនេះសូមតាមដានជាមួយនឹងគ្រឿងផ្សំ និងវិធីធ្វើពីមេចុងភៅជំនាញនៃភោជនីយដ្ឋាន Eleven One Kitchenដូចតទៅ។
គ្រឿងផ្សំ
សាច់មាន់ 100ក្រាម
គ្រាប់ស្វាយចន្ទី 5គ្រាប់ (ពុះជា2)
ស្វាយទុំ 100ក្រាម (កាត់ជាដុំតូចៗល្មម)
ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
ស្រាចិន 3-4ដំណក់
ទឹកត្រី 1ស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាកាហ្វេ
ខ្ទឹមស 5ក្រាម
អំបិល ម្សៅពោត ម្រេច 1ស្លាបព្រាបាយ
ប្រេងឆា 2ស្លាបព្រាបាយ
ទឹកស៊ុបបន្លែ បន្តិច
វិធីចម្អិន
ដំបូងអ្នកត្រូវដាក់ខ្ទះឱ្យក្តៅ រួចចាក់ប្រេងឆាចូលក្នុងខ្ទះ ហើយសឹមដាក់សាច់មាន់ចូលរំលីងសាច់ឱ្យឆ្អិន50%។ បន្ទាប់មកដាក់ខ្ទឹមសចិញ្ច្រាំចូលលីងឱ្យឈ្ងុយ រួចដាក់ស្រាចិនចូលឆាចូលគ្នាឱ្យសព្វ។ រួចដាក់ប្រេងខ្យង ទឹកត្រី អំបិល ម្រេចទឹកស៊ុបបន្លែ និងម្សៅពោតចូលឆាចុះឡើងឱ្យចូលជាតិគ្នាល្អ សឹមដាក់ចំណិតស្វាយទុំ និងគ្រាប់ស្វាយចន្ទីដែលពុះហើយចូលជាការស្រេច៕