កាលពីថ្ងៃចន្ទ (18 កញ្ញា) រូបិយប័ណ្ណដុល្លារអាម៉េរិកបានប្រែប្រួលជិតដល់កម្រិតខ្ពស់បំផុតក្នុងអំឡុង 6 ខែ គ្រាដែលអ្នកជំនួញកំពុងរង់ចាំការសម្រេចនានាដែលទាក់ទិននឹងការប្រាក់ពីធនាគារកណ្ដាលអាម៉េរិក, ធនាគារអង់គ្លេស និងធនាគារជប៉ុន ដែលនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។
ប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប ហាក់មិនមានការប្រែប្រួលបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដោយ 1 អឺរ៉ូ ប្ដូរបាន 1.0658 ដុល្លារអាម៉េរិក។ ចំណែករូបិយប័ណ្ណយ៉េនរបស់ជប៉ុន ក៏មានការប្រែប្រួលតិចតួច ដោយ 1 ដុល្លារអាម៉េរិក ប្ដូរបាន 147.69 យ៉េន ព្រោះតែអ្នកជំនួញនៅប្រទេសនេះឈប់សម្រាក។
ប្រការខាងលើនេះបាននាំឱ្យសន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក (U.S. Dollar Index) ដែលតាមដានការប្រែប្រួលរបស់រូបិយប័ណ្ណនេះធៀបនឹងរូបិយប័ណ្ណចំនួន 6 ផ្សេងទៀត រួមមានប្រាក់អឺរ៉ូ និងប្រាក់យ៉េនជាដើម មានការកើនឡើងតិចតួច (105.32)។
សន្ទស្សន៍ U.S. Dollar Index បានកើនឡើងជាបន្តបន្ទាប់ក្នុង 9 សប្ដាហ៍កន្លង នៅពេលសេដ្ឋកិច្ចអាម៉េរិកបន្តបង្ហាញភាពខ្លាំងក្លា។ វាបានឡើងដល់ចំណុចកំពូល 104.53 កាលពីថ្ងៃទី 14 កញ្ញា ជាកម្រិតខ្ពស់បំផុតរាប់ចាប់ពីពាក់កណ្ដាលខែមីនា 2023។
Alvin Tan ប្រធានផ្នែកយុទ្ធសាស្ត្រប្ដូរប្រាក់បរទេសអាស៊ីនៅ RBC Capital Markets ឱ្យដឹងថា «ជារួម យើងជឿជាក់លើរូបិយប័ណ្ណដុល្លារអាម៉េរិក។ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកកំពុងដំណើរការល្អជាងអឺរ៉ុប និងអាស៊ី ពិសេសគឺប្រទេសចិន»។
អ្នកជំនួញ កាលពីថ្ងៃទី 18 កញ្ញា កំពុងតែរង់ចាំការសម្រេចមួយចំនួនរបស់ធនាគារកណ្ដាលនានានៅចុងសប្ដាហ៍ ដែលអាចធ្វើឱ្យកក្រើកទីផ្សាររូបិយប័ណ្ណ។ អ្នកវិនិយោគរំពឹងថា ធនាគារកណ្ដាលអាម៉េរិកនឹងរក្សាការប្រាក់ត្រឹម 5.25% ដល់ 5.5% ដែលនឹងធ្វើឡើងនៅថ្ងៃទី 20 កញ្ញា 2023។