ភ្នំពេញ៖ ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឯកភាពគ្នាបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងយុគសម័យបច្ចេកវិទ្យានេះ ដោយបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
អនុស្សរណៈថ្មីនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម WANG Bingnan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដើម្បីជំរុញវិស័យនេះឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនប្រទេសទាំងពីរដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាធាតុផ្សំដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ (One Belt One Road Initiative) របស់រដ្ឋាភិបាលចិន ដែលអាចទាក់ទាញការវិនិយោគកាន់តែច្រើនពីប្រទេសចិនមកកម្ពុជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគ្នាដើម្បីបង្កើតបរិយាកាសឱ្យមានអំណោយផលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិក ក្រោមគោលបំណងទទួលបានផលប្រយោជន៍ទៅវិញទៅមកដូចខាងក្រោមនេះ៖
1.ស្វែងយល់គ្រប់ច្រកល្ហកក្នុងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក ដូចជាការសិក្សារួមកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាព ជំនួយបច្ចេកទេសលើការបង្កើតក្របខ័ណ្ឌច្បាប់ និងការអនុវត្តច្បាប់ ព្រមទាំងចែករំលែកបទពិសោធស្ដីពីការកំណត់គោលនយោបាយ និងការគ្រប់គ្រងពាណិជ្ជកម្មតាមអេឡិចត្រូនិកដោយរដ្ឋាភិបាល។ល។
2.ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យសហគ្រាសធ្វើកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក រួមមានការជំរុញពាណិជ្ជកម្មលើផលិតផលទៅវិញទៅមកពីសាមីប្រទេសរៀងៗខ្លួន តាមរយៈពាណិជ្ជកម្មតាមអេឡិចត្រូនិក។
3.ភាគីទាំងពីរនឹងគាំទ្រសកម្មភាពសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក តាមរយៈការផ្លាស់ប្ដូរបទពិសោធអាជីវកម្ម ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព និងការផ្លាស់ប្ដូរបទពិសោធអនុវត្តល្អៗ និងនវានុវត្ដន៍ថ្មី។
ដើម្បីឱ្យវិស័យពាណិជ្ជកម្មអេឡិចត្រូនិកល្អប្រសើរឡើង កម្ពុជានឹងត្រៀមខ្លួនរៀបចំដូចជា ៖
1-យុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក
2-ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទូរគមនាគមន៍
3-កិច្ចសម្រួលពាណិជ្ជកម្មអេឡិចត្រូនិក
4-Online Payment Gateway
និង 5-ធនធានមនុស្សលើវិស័យអេឡិចត្រូនិក។
ជាមួយគ្នានេះដែរ កម្ពុជាបានសំណូមពរឱ្យភាគីចិនបង្កើតកម្មវិធីទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។
ឯកឧត្តម កឹម ស៊ីថន បានថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើអំពីទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចិនឆ្នាំ2016 ដែលមានចំនួន 4,760 លានដុល្លារអាមេរិក (កើនឡើងប្រមាណ 7.3% បើធៀបនឹងឆ្នាំ2015) ជាពិសេសរហូតមកដល់បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឈានឡើងលើសពី 5,000 លានដុល្លារអាមេរិកនៅឆ្នាំ2017 ដែលចំនួននេះ លើសពីការរំពឹងទុកដែលកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ចំណែកឯកឧត្តមអនុរដ្ឋមន្ត្រីចិន មានជំនឿថាក្រោយពីមានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែមានសម្ទុះយ៉ាងខ្លាំងបន្ថែមទៀត ហើយនឹងកើនឡើងដល់ 6,000លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ2020៕