ស្ពានកោះពេជ្រ-កោះនរា ដែលស្ថិតក្នុងរាជធានីភ្នំពេញត្រូវបានតភ្ជាប់រួចរាល់ ហើយគ្រោងនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។
ដំណឹងខាងលើនេះគឺយោងទៅតាមពិធីភ្ជាប់ស្ពានដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។
ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះមានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវវស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។
ស្ពានកោះពេជ្រ-កោះនរា មានគន្លងចរាចរណ៍ទ្វេរទិស ពីរទៅ និងពីរមក ក្នុងនោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយទៅ មួយមក ដែលមានទទឹង 1.25 ម៉ែត្រ។
ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង ប្រើប្រាស់ទុនវិនិយោគ 38 លានដុល្លារអាម៉េរិក៕