(សហរដ្ឋអាម៉េរិក) – យន្តហោះល្បឿនលឿនជាងសំឡេង S-512 អាចហោះហើរក្នុងរង្វង់ 11,500 គីឡូម៉ែត្រ ដឹកមនុស្សបានពី 12 ដល់ 18 នាក់ និងឆ្ពោះទៅរកប្រណិតភាព។
ក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអាម៉េរិក Spike Aerospace ប្រកាសថា ចាប់ផ្ដើមទទួលយកការបញ្ជាទិញជាមុនសម្រាប់យន្តហោះល្បឿនលឿនជាងសំឡេងដែលមានតម្លៃ 100 លានដុល្លាររបស់ខ្លួន។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 12 កញ្ញា 2023។
ក្ដីស្រមៃអំពីការហោះឆ្លងសមុទ្រក្នុងល្បៀនលឿនជាងសំឡេងរបស់មនុស្សជាតិបានបញ្ចប់កាលពីឆ្នាំ 2003 នៅពេល Concorde ហោះហើរជាលើកចុងក្រោយ។ បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនកំពុងតែប្រឹងប្រែងប្រែក្លាយក្ដីស្រមៃនោះឱ្យក្លាយជាការពិតសាជាថ្មី ក្នុងនោះមានក្រុមហ៊ុន Aerion និង Boom Supersonic ជាដើម ប៉ុន្តែត្រូវជួបឧបសគ្គច្រើន។ ដូច្នេះ ការប្រកាសទទួលយកការបញ្ជាទិញជាមុនរបស់ Spike បានធ្វើឱ្យមានក្ដីសង្ឃឹមដែលថា ជើងហោះហើរដែលមានល្បឿនលឿនជាងសំឡេងនឹងមានការពេញនិយម។
យន្តហោះល្បឿនលឿនជាងសំឡេងរបស់ Spike Aerospace មានឈ្មោះថា S-512 ដែលអាចដឹកមនុស្សបានពី 12 ទៅ 18 នាក់។ យន្តហោះនេះមានការរួមផ្សំរវាងការហោះហើរក្នុងល្បឿនលឿន និងប្រណិតភាព សម្រាប់ក្រុមអតិថិជនដែលជាអ្នកមាន និងមានតម្រូវការហោះហើរក្នុងល្បឿនលឿន។
S-512 គ្រោងនឹងផ្លាស់ទីក្នុងល្បឿន Mach 1.6 (លឿនជាងសំឡេង 1.6 ដង) ដែលប្រហាក់ប្រហែលនឹង 1,800 គីឡូម៉ែត្រ/ម៉ោង។ ដូច្នេះ អតិថិជនអាចធ្វើដំណើរលឿនជាងយ៉ាងហោច 800 គីឡូម៉ែត្រ/ម៉ោង បើធៀបនឹងយន្តហោះស៊ីវិលបច្ចុប្បន្ន។
Spike Aerospace មិនទាន់បង្ហើបឱ្យដឹងច្រើនអំពីបច្ចេកវិទ្យារបស់យន្តហោះ S-512 នៅឡើយ។ ប៉ុន្តែ យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះ កាប៊ីនមិនមានបង្អួចរបស់វារួមចំណែកក្នុងការនាំមកនូវជើងហោះហើរដ៏ស្ងប់ស្ងាត់។ ក្រុមហ៊ុននេះអះអាងថា យន្តហោះរបស់ខ្លួននឹងមិនបង្កសំឡេងផ្ទុះនៅពេលហោះក្នុងល្បឿនលឿនជាងសំឡេង។ ដូច្នេះវាអាចហោះក្នុងល្បឿនលឿនបំផុតទាំងនៅពីលើសមុទ្រ ទាំងនៅពីលើដីគោក៕