ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានលើកឡើងថា ចាប់ពីខែកញ្ញា បរិមាណថយចុះនៃផលិតផលប្រេងឆៅរបស់ OPEC និង OPEC+ នឹងធ្វើឱ្យប្រភពផ្គត់ផ្គង់ត្រូវខ្វះខាតច្រើនក្នុងត្រីមាសទីបួននៃឆ្នាំ 2023។
នៅថ្ងៃទី 13 កញ្ញា 2023 IEA ព្រមានថា ការដែលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីកាត់បន្ថយការផលិតប្រេងឆៅ នឹងបង្កឱ្យមានកង្វះប្រភពផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោកនៅចុងឆ្នាំនេះ នាំឱ្យទីផ្សារមានហានិភ័យប្រែប្រួលច្រើនជាងមុន។
ការព្រមានរបស់ IEA ត្រូវបានធ្វើឡើងក្នុងរបាយការណ៍ប្រចាំខែដែលបានប្រកាសមួយថ្ងៃបន្ទាប់ពីតម្លៃប្រេងឆៅពិភពលោកបានហក់ឡើងខ្ពស់ខ្លាំង គ្រាដែលរបាយការណ៍បច្ចុប្បន្នភាពរបស់អង្គការនៃបណ្ដាប្រទេសនាំចេញប្រេងឆៅ (OPEC) បង្ហាញថា គម្លាតរវាងបរិមាណប្រេងដែលផ្គត់ផ្គង់ និងតម្រូវការទូទាំងពិភពលោកនឹងកើនឡើងក្នុងកម្រិតខ្ពស់បំផុតគិតចាប់ពីឆ្នាំ 2007។
IEA បានលើកឡើងថា ចាប់ពីខែកញ្ញា បរិមាណថយចុះនៃផលិតផលប្រេងឆៅរបស់ OPEC និងដៃគូសហការ (OPEC+) នឹងធ្វើឱ្យប្រភពផ្គត់ផ្គង់មានការខ្វះខាតច្រើនក្នុងត្រីមាសទីបួននៃឆ្នាំ 2023។ អង្គការនេះក៏បានឱ្យដឹងថា ប្រេងបម្រុងនឹងស្ថិតក្នុងកម្រិតទាបបំផុត ធ្វើឱ្យមានហានិភ័យកើតមានរលកនៃការប្រែប្រួលតម្លៃមួយផ្សេងទៀតដែលមិនមានផលប្រយោជន៍សម្រាប់អ្នកផលិត និងអ្នកប្រើប្រាស់ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពផុយស្រួយ។