ជាទូទៅ ពងក្រួចភាគច្រើនតែងត្រូវបានគេឃើញមានលក់នៅតាមបណ្តាទីប្រជុំជននានា ដោយគ្រាន់តែធ្វើការចម្អិនដោយស្ងោរតាមបែបធម្មតាៗ ហើយច្រកក្នុងថង់ប្លាស្ទីក រួមជាមួយអំបិលម្រេចតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ភោជនីយដ្ឋាន Labaab ដែលមានការតុបតែងលម្អលក្ខណៈបែបខ្មែរ ស្ថិតនៅអគារលេខ81E2 (ជាន់ទី2) តាមផ្លូវព្រះមុនីវង្ស (ទល់មុខធនាគារ កាណាឌីយ៉ា) ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបតែចាប់បើដំណើរការបម្រើ អាហារបែបអ្នករស់នៅតាមដងទន្លេមេគង្គ រួមមានអាហារបែបជនជាតិខ្មែរ វៀតណាម ថៃ ឡាវ និងចិននោះ បានយកពងក្រួចនេះមកច្នៃធ្វើជាអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ប្លែក យ៉ាងជក់ចិត្ត ក្រោយគំនិងច្នៃប្រឌិតរបស់មេចុងភៅជាជនជាតិខ្មែរ នោះគឺ មុខម្ហូប “ពងក្រួចខ្ចប់សាច់ជ្រូកចិញ្ច្រាំបំពងអំបុកបៃតង”។
គ្រឿងផ្សំ
• ពងក្រួច
• សាច់ជ្រូកចិញ្ច្រាំ
• អំបុក
• ស្លឹកតើយ
• ប្រេងឆា
• ទឹកម្ទេស
របៀបចម្អិន
ជាដំបូងលោកអ្នកត្រូវយកពងក្រួចទៅចម្អិនឱ្យឆ្អិនល្មម រួចបកសម្បកទុកមួយអន្លើ។យកស្លឹកតើយច្របាច់យកទឹក ច្របល់ជាមួយអំបុកដែលបានត្រៀមទុកជាស្រេច។ យកសាច់ជ្រូកចិញ្ច្រាំខ្ចប់ពងក្រួច ហើយយកអំបុកដែលបានច្របល់ជាទឹកស្លឹកតើយច្របាច់ខ្ចប់ពីក្រៅធ្វើជាសម្បក រួចយកទៅបំពងជាមួយប្រេងឆាដែលបានត្រៀមនៅលើភ្លើងរហូតឆ្អិន ស្រួយល្អ ទើបស្រង់ចេញជាការស្រេច។ ឃើញទេ! មិនពិបាកធ្វើនោះទេ លោកអ្នកក៏អាចអនុវត្តបានដោយខ្លួនឯង សម្រាប់ទទួលទានជុំគ្រួសារនៅថ្ងៃឈប់សម្រាក់យ៉ាងរីករាយ ដោយការបន្ថែមទឹកម្ទេសធ្វើជាទឹកជ្រលក់៕