ក្នុង 6 ខែដើមឆ្នាំនេះ ប្រទេសចិនបាននាំចេញរថយន្តជាង 2.3 លានគ្រឿង ច្រើនជាងជប៉ុន និងក្លាយជាប្រទេសដែលនាំចេញរថយន្តច្រើនជាងគេបង្អស់លើពិភពលោក។
ក្នុងការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពនាំចេញរថយន្ត សមាគមនៃបណ្ដាក្រុមហ៊ុននាំចេញរថយន្តនៅប្រទេសចិន បានដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានគយរបស់ប្រទេសនេះ ឱ្យដឹងថា ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2023 ប្រទេសចិនបាននាំចេញរថយន្តចំនួន 2.34 លានគ្រឿង កើន 76.9% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ដោយឡែក យោងតាមទិន្នន័យដែលបានប្រកាសដោយសមាគមនៃបណ្ដាក្រុមហ៊ុននាំចេញរថយន្តជប៉ុន តួលេខរថយន្តដែលបាននាំចេញរបស់ប្រទេសនេះក្នុងឆមាសទីមួយនៃឆ្នាំ 2023 មាន 2.02 លានគ្រឿង កើន 17% បើធៀបនឹងឆមាសទីមួយឆ្នាំ 2022។
នេះគឺជាលើកដំបូងហើយដែលតួលេខនៃការនាំចេញរថយន្តក្នុង 6 ខែដើមឆ្នាំ 2023 របស់ប្រទេសចិន មានចំនួនច្រើនជាងជប៉ុន និងឈរលំដាប់ទីមួយលើពិភពលោក។
ទិន្នន័យខាងលើក៏បានឱ្យដឹងថា មានមូលហេតុសំខាន់ពីរដែលធ្វើឱ្យការនាំចេញរថយន្តរបស់ប្រទេសចិនកើនឡើងខ្ពស់ខ្លាំងក្នុងឆ្នាំនេះ នោះគឺចំនួនរថយន្តដំណើរការដោយប្រេងសាំងដែលនាំចេញទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងគួរឱ្យចាប់អារម្មណ៍។ ទន្ទឹមនឹងនេះ រថយន្តអគ្គិសនីក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារអាស៊ីអាគ្នេយ៍ កាន់តែច្រើន៕