ឧបករណ៍ធ្វើតេស្តការផលិតអុកស៊ីសែនពីកាបូនឌីអុកស៊ីតនៅលើភពអង្គារដំណើរការបានល្អជាងការរំពឹងទុក និងបញ្ជាក់អំពីសមត្ថភាពដែលអាចជួយឱ្យក្រុមអ្នកអវកាសផ្សងព្រេង ស្រាវជ្រាវលើភពពណ៌ក្រហមមួយនេះនៅថ្ងៃអនាគត។
ឧបករណ៍ MOXIE (Mars Oxygen In-Situ Resource Utilization Experiment) មានទំហំប៉ុនចង្ក្រានម៉ៃក្រូវ៉េវ ស្ថិតលើរ៉ូបូតស្វ័យប្រវត្ត Perseverance។ ការពិសោធលើការផលិតអុកស៊ីសែនរបស់ MOXIE ត្រូវបានធ្វើឡើងកាលពីជាងពីរឆ្នាំមុន បន្ទាប់ពីរ៉ូបូតនេះបានចុះចតលើភពអង្គារ។ តាំងពីពេលនោះមក MOXIE ផលិតអុកស៊ីសែនបាន 122 ក្រាម គ្រប់គ្រាន់សម្រាប់ឱ្យកូនសុនកមួយក្បាលដកដង្ហើមបាន 10 ម៉ោង។ ឧបករណ៍នេះបំប្លែងមួយផ្នែកនៃកាបូនឌីអុកស៊ីតដែលសម្បូរនៅលើភពអង្គារ ឱ្យទៅជាអុកស៊ីសែន។ មានពេលខ្លះ MOXIE ផលិតអុកស៊ីសែនបាន 12 ក្រាមក្នុងមួយម៉ោង។ កាលពីថ្ងៃទី 07 សីហា MOXIE ដំណើរការជាលើកទី 16 ហើយក៏ជាលើកចុងក្រោយដែលវាបានសម្រេចរាល់ភារកិច្ច។
បរិយាកាសដ៏ស្ដើងរបស់ភពអង្គារមានឧស្ម័នកាបូនឌីអុកស៊ីតចំនួន 96%។ កំណែធំជាង និងល្អជាងរបស់ MOXIE អាចផ្គត់ផ្គង់ និងរក្សាទុកអុកស៊ីសែនដើម្បីគាំទ្រដល់ប្រព័ន្ធទ្រទ្រង់ជីវិត និងធ្វើជាឥន្ធនៈសម្រាប់រ៉ុក្កែតរបស់យានអវកាស។
បច្ចេកវិទ្យាដូច MOXIE អាចជួយដល់ក្រុមអ្នកអវកាស រស់នៅ ធ្វើការ និងប្រើប្រាស់ធនធាននៅលើភពអង្គារ។ បន្ទាប់ពីជោគជ័យរបស់ MOXIE ណាសាគ្រោងនឹងអនុវត្តជំហានបន្ទាប់ នោះគឺការធ្វើតេស្តបច្ចេកវិទ្យាដទៃនៅលើភពក្រហមនេះ ក្នុងនោះមានជាអាទិ៍ ឧបករណ៍ និងវត្ថុធាតុសម្រាប់បង្កើតបរិស្ថានរស់នៅជាដើម៕