សម្រាប់តម្រូវការលើគ្រែគូស្នេហ៍រមែងមានពេលស្រណុកសុខស្រួលស្កប់ស្កល់ និងភាពខ្វះចន្លោះដែលបណ្ដាលមកពីអារម្មណ៍តានតឹងដូចជា សម្ពាធការងារ កម្លាំងថាមពលថមថយ និងបរិយាកាសជុំវិញជាដើម។ ដូច្នេះដើម្បីជំរុញឱ្យការប្រព្រឹត្តសកម្មភាពសិចប្រសើរឡើង សូមស្វែងយល់ជាមួយចំណុចខាន់ចំនួន3 ដែលមានប្រសិទ្ធភាពបង្កើនភាពល្អប្រសើរដល់ជីវិតសិចរបស់អ្នក ៖
របបអាហារប្រចាំថ្ងៃ
មនុស្សជាច្រើនតែងតែមើលរំលង ឬមិនបានខ្វាយខ្វល់ចំពោះបញ្ហានៃរបបអាហារដែលអាចជះឥទ្ធិពលដល់ជីវិតសិចនោះទេ។ ការកង្វះជីវជាតិ ឬបរិភោគអាហារមិនត្រឹមត្រូវអាចនាំទៅរកភាពកង្វះថាមពល ដែលឈានទៅរកការបញ្ចេញសមត្ថភាពនៅលើគ្រែជាមួយដៃគូមិនបានពេញលេញ។ ដូច្នេះដើម្បីកែខៃនូវចំណុចអវិជ្ជមាន អ្នកត្រូវគិតដល់ការទទួលទានអាហារឱ្យបានសមស្របជារៀងរាល់ថ្ងៃ។ ពាក្យថាសមស្របនេះ គឺសំដៅដល់បរិមាណអាហារល្មម និងមានតុល្យភាព ដែលអ្នកត្រូវទទួលទានច្រើនដងក្នុងមួយថ្ងៃ ដើម្បីបង្ការការនឿយហត់អស់កម្លាំង។ អាហារដែលសម្បូរដោយវីតាមីនកាបូនអីុត្រាត ផ្លែឈើស្រស់ៗ និងបន្លែពណ៌បៃតងគឺជាប្រភពនៃថាមពល។ បន្ថែមពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេងអូលីវ ប្រេងដូង និងផ្លែប៊័រ ក៏ជាប្រភពដ៏ល្អក្នុងការផ្ដល់កម្លាំងថាមពលសិចដល់
រាងកាយយ៉ាងប្រសើរផងដែរ។
គ្រប់គ្រងស្ត្រេស និងធ្វើឱ្យចិត្តស្ងប់
ស្ដ្រេសជារបាំងធំបំផុតក្នុងបញ្ហាលើគ្រែ។ កាលណាអ្នកមានអារម្មណ៍តានតឹងខ្លាំងពីការងារនោះ អ្នកប្រាកដជាមិននឹកនាដល់សិចឡើយ។ដូច្នេះការកាត់បន្ថយស្ត្រេស និងធ្វើឱ្យចិត្តស្ងប់ជាការល្អក្នុងការកែខៃជីវិតសិចរបស់អ្នក។ តើគួរធ្វើបែបណា? ដំណោះស្រាយដ៏ល្អគឺ បែងចែកពេលវេលាឱ្យបានច្បាស់លាស់។ ចាត់ទុកការងារជារឿងមួយ និងសុភមង្គលគ្រួសារជារឿងផ្សេងគ្នា។ ដូច្នេះមិនថាអ្នកមានបញ្ហាពីកន្លែងការងារក៏ដោយនៅពេលប្រតិបត្តិការជាមួយដៃគូត្រូវគិតពីភាពសុខស្រួលរបស់ដៃគូជាង ដោយបំភ្លេចចោលរឿងការងារមួយឡែកសិន។
ហាត់ប្រាណជាមួយដៃគូ
ការហាត់ប្រាណតាមរយៈសកម្មភាពផ្សេងៗជាមួយដៃគូ ដូចជា ការរត់ ការជិះកង់ ឬការហាត់កាយសម្ពន្ធរួមគ្នាវាអាចនឹងជួយជំរុញឱ្យរាងកាយមាំមួន និងពង្រឹងចំណង់ផ្លូវភេទបាន។ តាមរយៈការហាត់ប្រាណទាំងនេះអ្នកនឹងកើតមានចំណង់ផ្លូវភេទទ្វេដង ហើយអាចឱ្យអ្នកបញ្ចេញសមត្ថភាពបានប្រសើរនៅក្នុងសមរភូមិក្ដៅសាច់ជាមួយដៃគូ ដោយសារការហាត់ប្រាណជួយបញ្ចេញសារជាតិគីមី និងអ័រម៉ូនមិនល្អចេញពីក្នុងរាងកាយមកខាងក្រៅ។
សូមចាប់ផ្តើមអនុវត្តពីពេលនេះទៅ នោះអ្នកនឹងបានដឹងពីប្រសិទ្ធភាពនៃគន្លឹះទាំង3ខាងលើនេះជាក់ជាមិនខាន៕