សហគ្រិនភាព ជាអ្វីដែលមនុស្សសម័យថ្មីចាប់អារម្មណ៍បំផុត ព្រោះថា ភាពជាសហគ្រិនគឺអាចឱ្យគេកំណត់វាសនាជីវិតដោយផ្ទាល់ខ្លួន អាចជួយឱ្យអ្នកដទៃមានការងារធ្វើ និងហើយថែមទាំងអាចជួយសង្គមជាតិបានទៀតផង។
ដោយសារតែចរន្តនៃការកែប្រែខ្លួនពីអ្នកធ្វើការងារឱ្យគេ មកក្លាយជាម្ចាស់អាជីវកម្មខ្លួនឯង បានធ្វើឱ្យមនុស្សមួយចំនួនជោគជ័យទាំងផ្នែកហិរញ្ញវត្ថុ ជីវិតគ្រួសារ និងកេរ្តិ៍ឈ្មោះក្នុងសង្គមធ្វើឱ្យយុវជនមួយចំនួនចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯង តែជាអកុសលអាជីវកម្មមួយចំនួនធំត្រូវបានបិទទៅវិញក្នុងរយៈពេលដ៏ខ្លី។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាក់ សុជាតិ ម្ចាស់ក្រុមហ៊ុនសេដ្ឋីនី បានលើកឡើងថា មានមូលដ្ឋានគ្រឹះច្រើនដែលអាចជាចំណុចសំខាន់ៗសម្រាប់ការធ្វើជំនួញ តែក្នុងនោះការតាំងចិត្ត និងការប្រើប្រាស់ឱ្យអស់ពីសមត្ថភាពខ្លួនឯងជារឿងសំខាន់មួយដែលត្រូវយកចិត្តទុកដាក់សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិន។
លោក ឆាក់ សុជាតិ បាននិយាយថា៖ «អ្នករកស៊ី គឺជាអ្នកដែលមានការតស៊ូ និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ តែមនុស្សទូទៅហាក់មិនបានខ្វល់ខ្វាយពីរឿងនេះទេ ព្រោះថា ពេលខ្លះពួកគេចង់បានរបស់ថ្មី ចង់បង្កើតអាជីវកម្មថ្មី តែរបស់ដែលគេមានរាល់ថ្ងៃនេះប្រើវាមិនអស់ផង តើនឹងបានរបស់ថ្មីមកពីណាកើត?»។
ចំណុចនេះ លោក សុជាតិ បានបញ្ជាក់ផងដែរថា នៅពេលដែលមនុស្សទូទៅ ឬបុគ្គលិកដែលមានបំណងចង់ប្រែខ្លួនពីអ្នកធ្វើការឱ្យគេទៅជាសហគ្រិន គាត់តែងតែស្រមៃឃើញរូបភាពធំៗហួសពីអ្វីដែលគាត់អាចធ្វើបាន បន្ទាប់មកក៏បរាជ័យ។ តាមពិតទៅ គន្លឹះសំខាន់ដើម្បីឈានទៅរកភាពជាសហគ្រិនជោគជ័យ ឬទទួលបានសមិទ្ធផលថ្មីក្នុងជីវិត គឺការប្រើប្រាស់សមត្ថភាពរបស់ខ្លួនឯងផ្ទាល់។
មនុស្សម្នាក់ៗមានសមត្ថភាពផ្ទាល់ខ្លួន ដូចជាអ្នកខ្លះពូកែទំនាក់ទំនង ពូកែនិយាយ ពូកែសរសេរ ឬពូកែផ្នែកបច្ចេកវិទ្យាជាដើម តែប្រសិនបើយើងមិនបានប្រើប្រាស់នូវបំណិនជីវិតទាំងអស់នោះឱ្យអស់ពីលទ្ធភាពទេ យើងក៏មិនអាចទទួលបាននូវភាពជោគជ័យដែរ។ លោកថា មនុស្សទូទៅ ចង់ក្លាយជាបុគ្គលដែលខ្លាំង មានរបស់ដែលមិនធ្លាប់មាន តែពួកគេមិនព្រមផ្លាស់ប្តូរឥរិយាបថផ្ទាល់ខ្លួន មិនព្រមខិតខំឱ្យខ្លាំង និងមិនព្រមធ្វើសកម្មភាពឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទេ តែបែរជានៅតែបន្តធ្វើរឿងដដែលៗ និងមិនព្រមខិតខំ។
លោក ឆាក់ សុជាតិ បាននិយាយផងដែរថា ៖ «ជាក់ស្តែង យើងទាំងអស់គ្នាសុទ្ធតែដឹងហើយពីរឿងមិនជួនគ្នាមួយ រវាងការយល់ខុសរបស់អ្នកគ្រប់គ្រង និងបុគ្គលិក។ អ្នកគ្រប់គ្រងគិតថា ទាល់តែបុគ្គលិកខំ ទើបដំឡើងប្រាក់ខែឱ្យ តែបុគ្គលិកបែរជាគិតថា ទាល់តែមេបើកប្រាក់ខែឱ្យទើបខំ ដោយភ្លេចគិតថា ជោគជ័យគ្រប់យ៉ាងពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺអាស្រ័យលើការប្រឹងប្រែងរបស់គាត់ផ្ទាល់ដោយមិនស្ថិតលើបរិស្ថានខាងក្រៅ ឬអ្នកដទៃនោះទេ»។
សហគ្រិនខាងលើបានលើកឡើងផងដែរថា មនុស្សម្នាក់ៗមានសមត្ថភាពច្រើនហួសពីការស្មាន គ្រាន់តែពេលខ្លះពួកគេមិនដឹងខ្លួនថា គេខ្លាំងតែប៉ុណ្ណោះ ហេតុនេះជាដំណោះស្រាយសំខាន់ដែលគេអាចធ្វើបានគឺ ខំធ្វើឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ទាំងនៅក្នុងការងារ ឬក្នុងអាជីវកម្ម។ នៅពេលដែលមនុស្សដាក់គោលដៅថា ចង់ធ្វើអ្វីមួយឱ្យរីកចម្រើន យើងត្រូវតែគិតឱ្យបានគ្រប់វិធី ហើយធ្វើយ៉ាងណាប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនដើម្បីជម្នះគ្រប់ឧបសគ្គដែលកំពុងជួបប្រទះ ទីបំផុត ក្រោយទៅដល់គោលដៅ ឬក្លាយជាសហគ្រិនម្នាក់ យើងនឹងមើលឃើញថា យើងបានរកឃើញនូវសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួនឯងផ្ទាល់ហើយ៕