Airscooter ដែលត្រូវបានរចនាឡើងដើម្បីជំនួសកូនរថយន្ត អាចហោះហើរក្នុងល្បឿន 100 គីឡូម៉ែត្រក្នុងមួយម៉ោង ដោយហោះឡើង និងចុះចតត្រង់ដូចឧទ្ធម្ភាគចក្រ។
អ្នកស្រាវជ្រាវជនជាតិបារាំង Franky Zapata បានបង្ហាញយន្តហោះលក្ខណៈបុគ្គលថ្មីមួយប្រភេទ មានកាប៊ីនសម្រាប់អ្នកបើកបរដែលមានរូបរាងដូចស៊ុត និងអាចហោះក្នុងកម្ពស់ 2,900 ម៉ែត្រ។ យោងតាម Mail ដែលបានចុះផ្សាយកាលពីថ្ងៃទី 21 សីហា 2023 យន្តហោះ Airscooter អាចជួយឱ្យការធ្វើដំណើរប្រហែលពីរម៉ោងតាមរថយន្តនៅក្នុងពេលចរាចរណ៍ចង្អៀត ចុះមកនៅត្រឹម 10 នាទី។
ក្រុមហ៊ុន Zapata ឱ្យដឹងថា យានជំនិះថ្មីនេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ។ Airscooter គឺជាយន្តជំនិះដែលហោះឡើង និងចុះចត់ត្រង់ដូចឧទ្ធម្ភាគចក្រ (VTOL)។ នេះគឺជាយន្តហោះកូនកាត់ (ហាយព្រីដ) ប្រើប្រាស់អគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីផ្ដល់ថាមពលដល់រ៉ូទ័រ 6 គ្រឿងដែលបំពាក់ពីខាងលើកាប៊ីន។ Airscooter អាចហោះហើររយៈពេលពីរម៉ោងបន្តបន្តបន្ទាប់ យូរជាងយាន VTOL ដទៃ។
Airscooter មានទម្ងន់ 115 គីឡូក្រាម។ គ្រប់គ្នាអាចបើកបរយន្តហោះនេះបាន បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់រយៈពេលខ្លី។ បើទោះជាផលិតឡើងក្នុងបំណងជំនួសកូនរថយន្ត ប៉ុន្តែ Airscooter នឹងមិនត្រូវបានដាក់លក់ក្នុងទីផ្សារនោះទេ។ ជំនួសមកវិញ អ្នកប្រើប្រាស់នឹងត្រូវបង់ប្រាក់មួយចំនួនសម្រាប់ការបើកបរ 40 នាទីដោយផ្ទាល់ដៃ និងគយគន់ទេសភាពតាមបង្អួច។
ចាប់ពីដើមឆ្នាំក្រោយ Zapata នឹងបើកមជ្ឈមណ្ឌលហោះហើរនៅសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់សេវាកម្មហោះហើរកម្សាន្តដល់អតិថិជន។ មជ្ឈមណ្ឌលដំបូងនឹងមាននៅក្នុងទីក្រុង Lake Havasu រដ្ឋ Arizona៕