បើសិនផ្ដួល U23 របស់ថៃ បានសម្រេច ក្រុមបាល់ទាត់បុរសជម្រើសជាតិវ័យក្រោម 23 ឆ្នាំ (U23) របស់កម្ពុជា នឹងបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ U23 អាស៊ីអាគ្នយ៍ឆ្នាំ 2023។
ការប្រកួតរវាង U23 កម្ពុជា និង U23 ថៃ នៅជើងទីបីនៃវគ្គសន្សំពិន្ទុរបស់ពានរង្វាន់បាល់ទាត់ U23 អាស៊ីអាគ្នយ៍ឆ្នាំ 2023 (2023 AFF U-23 Championship) នឹងត្រូវបានធ្វើឡើងនៅម៉ោង 20 ថ្ងៃទី 21 សីហានេះ នៅឯកីឡដ្ឋាន Rayong ប្រទេសថៃ។
កន្លងមក អ្នកគាំទ្រជាច្រើន មានការបារម្ភជំនួស U23 ថៃ និងត្រេកអរចំពោះ U23 កម្ពុជា នៅពេលក្រុមម្ចាស់ផ្ទះបញ្ចប់ការប្រកួតដំបូងរបស់ខ្លួននៅពូល A ត្រឹមចំណាត់ថ្នាក់លេខពីរប្រចាំពូល។ U23 ថៃបានឈ្នះ មីយ៉ាន់ម៉ា 3-0 គ្រាដែលកម្ពុជាឈ្នះព្រុយណេ 5-0។ ក៏ប៉ុន្តែ ចូលដល់ជើងទីពីរ ថៃបានលោតឡើងកំពូលតារាង ដោយបានឈ្នះព្រុយណេ 3-0 ហើយមាន 6 ពិន្ទុក្នុងដៃ។ U23 ថៃ ត្រូវការតែលទ្ធផលស្មើប៉ុណ្ណោះក្នុងការប្រកួតជាមួយកម្ពុជា ក៏អាចបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ចំណែកកម្ពុជាវិញ ថ្វីបើបានធ្វើឱ្យ U23 ថៃព្រួយបារម្ភ បន្ទាប់ពីបានផ្ដួលព្រុយណេដោយលទ្ធផល 5-0 ប៉ុន្តែក៏បានធ្វើឱ្យខកចិត្តនៅពេលបណ្ដោយឱ្យមីយ៉ាន់ម៉ាយកស្មើក្នុងការប្រកួតជើងទីពីរ។ ពេលនេះ កម្ពុជាត្រូវតែឈ្នះថៃ ដើម្បីបានបន្តទៅវគ្គបន្ទាប់។ បើគ្រាន់តែស្មើ និងឈរលំដាប់ទីពីរក្នុងពូល U23 កម្ពុជាប្រាកដជានឹងមិនអាចយកឈ្នះឥណ្ឌូណេស៊ី ដើម្បីក្លាយជាក្រុមលំដាប់ទីពីរដែលត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ពាន់រង្វាន់ជើងឯកបាល់ទាត់បុរសអាយុក្រោម 23 ឆ្នាំ (U23) អាស៊ីអាគ្នេយ៍ ធ្វើឡើងនៅប្រទេសថៃចាប់ពីថ្ងៃទី 17 ដល់ 26 សីហា 2023។ ក្នុងលើកទីបួន ពានរង្វាន់នេះមានក្រុមបាល់ទាត់ចូលរួមប្រកួតសរុបចំនួន 10 ក្រុម និងត្រូវបានចែកជា 3 ពូល។ ពូល A រួមមាន កម្ពុជា ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ ពូល B រួមមាន ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈពូល C មាន វៀតណាម ហ្វ៊ីលីពីន និងឡាវ។
កាលពីឆ្នាំកន្លង ពានរង្វាន់បាល់ទាត់នេះត្រូវបានធ្វើឡើងនៅកម្ពុជា ក្នុងនោះ ថៃ និងវៀតណាមបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ហើយវៀតណាមបានក្លាយជាជើងឯក ដោយបានយកឈ្នះលើថៃ 1-0៕