Skip to content

Walmart ក្រុមហ៊ុន​យក្ស​របស់​អាមេរិក កំពុង​ពិ​ចា​ណា ដើម្បី​បោះទុន​វិនិយោគ​នៅ​កម្ពុជា

Walmart ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​របស់​អាមេរិក បានបង្ហាញ​ចំណាប់អារម្មណ៍ និង​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់ និង​បទដ្ឋាន​នានា​ក្នុងការ​គ្រប់គ្រង​ទៅលើ​កម្លាំង​ពលកម្ម ច្បាប់​ស្តីពី​ការងារ និង​បរិយាកាស​ការងារ ដើម្បី​បោះទុន​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ផ្ដល់នូវ​អនុសាសន៍ និង​ការចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​គោលនយោបាយ​បើកទូលាយ​ក្នុងការ​ប្រកប​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​អនុវត្ត​ប្រកបដោយ និង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ថែមថា  តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី3 រួមទាំង​ការអនុវត្ត​ប្រកបដោយ​ផ្លែផ្កា​នូវ​ផែនការ​យុទ្ធសាស្ត្រ​គោលនយោបាយ​ជាតិ ស្តីពី​មុខរបរ និង​ការងារ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម។ គួបផ្សំ​នឹង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព លក្ខខណ្ឌ​ការងារ​បានផ្ដល់​ជូនប​ង​ប្អូន​កម្មករនិយោជិត​កាន់តែ​ល្អប្រសើរ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា មាន​សុវត្ថិភាព និង​សន្តិសុខ​ការងារ​ល្អ មាន​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព មាន​កន្លែង​ទទួលទាន​អាហារ មាន​កន្លែង​ស្នាក់នៅ មាន​មធ្យោបាយ​ធ្វើដំណើរ។ ការទំនាក់ទំនង​រវាង​កម្មករនិយោជិត ជាមួយ​ម្ចាស់​រោងចក្រ មាន​ភាព​ជិតស្និត​ល្អ ប្រកបដោយ​ការយោគយល់​គ្នា បង្កើត​នូវ​បរិយាកាស​សុខដុមរមនា។

ក្រុមហ៊ុន Walmart មាន​ទីស្នាក់ការ​ធំ​នៅ ទីក្រុង Bentonville រដ្ឋ Arkansas ហើយ​បច្ចុប្បន្ន​មាន​ហាង​លក់ទំនិញ​យីហោ Walmart រហូតដល់​ជាង 6200 ហាង​នៅ​សហរដ្ឋអាមេរិក និង​ជាង 850,000 ហាង​ទៀត នៅក្នុង 27ប្រទេស។ ក្រុមហ៊ុន Walmart មាន​ចំណូល​ច្រើនជាងគេ​ក្នុង​ពិភពលោក ប្រហែល480 ពាន់​លាន​ដុលារ​អាមេរិក ហើយក៏​ជា​ក្រុមហ៊ុន​ដែលមាន​កម្មករនិយោជិត​ច្រើនជាងគេ​នៅលើ​ពិភពលោក​ផងដែរ ប្រមាណ2,3 លាន​នាក់។

លោក Scott Price អនុប្រធាន​ប្រតិបត្តិ និង​ជា​ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន Walmart  អន្តរជាតិ បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​គាំពារ​ដល់​វិស័យ​ឯកជន ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបន្ត​ធានា​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ដែលជា​ប្រភព​ទំនិញ​ស្អាតស្អំ គ្មាន​ការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​កម្មករនិយោជិត ហើយ​កម្មករនិយោជិត​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ល្អប្រសើរ។

ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន Walmart អន្តរជាតិ បន្ថែមថា ទាំងនេះ​ជា​កត្តា​ដ៏​ចម្បង សម្រាប់​ក្រុមហ៊ុន Walmart អាច​រក្សាបាន​នូវ​ស្តង់ដា​របស់ខ្លួន ដែល​អតិថិជន​របស់ Walmart នឹង​ពេញចិត្ត​នូវ​ប្រភព​ទំនិញ Walmart បញ្ជា​ទិញ ពី​កម្ពុជា​សម្រាប់​ចែកចាយ​តាម​ហាង​នានា នៅ​សហរដ្ឋអាមេរិក កាណាដា និង​ប្រទេស​នានា​ទូទាំង​ពិភពលោក។

លោក Scott Price បន្ថែមថា តាមរយៈ​សក្តានុពល និង​ស្ថានភាព​វិវត្តន៍​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន Walmart អន្តរជាតិ​ធ្វើការ​ពិចារណា​ក្នុងការ​បណ្តាក់ទុន​នៅ​កម្ពុជា។ ជាង​នេះ​ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​ការបញ្ជាទិញ​ទំនិញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា រួមទាំង​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​ដែល​កម្ពុជា​ទើបតែ​ទទួលបាន ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *