មហាសេដ្ឋី Elon Musk បានប្រាប់ថា «នឹងទៅគោះទ្វារផ្ទះរបស់ Mark Zuckerberg» ហើយអាចយកឈ្នះដោយសារមាឌធំ។ នេះបើតាមខ្លឹមសារដែលត្រូវបានគេជឿថា ជាការផ្លាស់ប្ដូរយោបល់រវាងមហាសេដ្ឋីទាំងពីរ។
កាលពីថ្ងៃទី 13 សីហា Walter Isaacson ដែលជាអ្នកសរសេរប្រវត្តិរូបសង្ខេបសម្រាប់ Elon Musk បានបង្ហោះខ្លឹមសារមួយផ្នែកនៅក្នុងសារផ្ញើឱ្យគ្នា រវាង CEO របស់ Tesla និង CEO របស់ Meta។ ក្រោយមក Elon Musk ក៏បានបង្ហោះរូបភាពថតអេក្រង់មួយផ្សេងទៀតដែលលោកអះអាងថា ជាខ្លឹមសារពេញលេញ ដែលក្នុងនោះលោកបានសួរ Zuckerberg ថា តើចាប់អារម្មណ៍នឹងការហ្វឹកហាត់ ឬទេ។
អ្នកដែលត្រូវបានគេជឿថាជា Zuckerberg ឆ្លើយថា «បើនៅតែចង់ចូលរួមការប្រកួត MMA ពិត លោកគួរតែហាត់ដោយខ្លួនឯង ហើយឱ្យដឹងថា ពេលណាបានត្រៀមរួចរាល់។ ខ្ញុំមិនចង់បន្តបំប៉ោងរឿងរ៉ាវដែលអាចនឹងមិនកើតឡើង។ ដូច្នេះ លោកគួរសម្រេចចិត្តឱ្យបានឆាប់ មិនដូច្នេះទេ យើងគួរឈប់ត្រឹមនេះ»។
ជិត 10 ម៉ោងក្រោយ លោក Elon Musk ក៏បានឆ្លើយតបថា លោក «នឹងនៅ Palo Alto នៅថ្ងៃចន្ទ» និងលើកឡើងថា ទាំងពីរនាក់អាចប្រកួតនៅលើសង្វៀនក្រោយផ្ទះរបស់ម្ចាស់ Facebook។
CEO របស់ Meta មិនទាន់បញ្ចេញយោបល់អ្វីនៅឡើយ ក្រោយពីរូបភាពថតអេក្រង់ត្រូវបានចែករំលែកលើបណ្ដាញសង្គម។
ការបបួលប្រយុទ្ធលើសង្វៀនរវាងម្ចាស់បណ្ដាញសង្គមធំៗលើពិភពលោកនេះ ត្រូវបានលើកឡើងកាលពីចុងខែមិថុនា ឆ្នាំ 2023 នៅពេលលោក Musk រិះគន់ចំពោះរឿង Meta បង្ហាញបណ្ដាញសង្គម Threads។ អ្នកលេងបណ្ដាញសង្គមម្នាក់ព្រមានថា មិនគួរគំរាមកំហែង Zuckerberg ព្រោះថា គាត់ចេះក្បាច់គុន។ សំណេរនេះ ភ្លាមនោះក៏ធ្វើឱ្យលោក Musk បបួលប្រយុទ្ធគ្នា ហើយ Zuckerberg ក៏បានយល់ព្រមយ៉ាងលឿន។
យោងតាម Dana White ប្រធានស្ថាប័នក្បាច់គុន UFC ដែលធ្លាប់បានជជែកជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋីទាំងពីររូបនេះសុទ្ធតែបង្ហាញភាពម៉ឺងម៉ាត់។ ការប្រកួតនេះត្រូវបានគេរំពឹងថា អាចរកប្រាក់ចំណូលបានលើសពីមួយពាន់លានដុល្លារអាម៉េរិក៕