Linda Yaccarino នាយិកាប្រតិបត្តិរបស់បណ្ដាញសង្គម X (Twitter) និយាយថា បើសិនជាត្រូវបានរៀបចំឡើងមែន ការប្រកួតក្នុងទ្រុងដែករវាងមហាសេដ្ឋី Elon Musk និងមហាសេដ្ឋី Mark Zuckerberg នឹងកើតឡើងទៅតាមរបៀបកំប្លែង។
«យើងនឹងចាំមើលថា តើការប្រកួតក្នុងទ្រុងដែកនោះពិតជាកើតឡើង ឬអត់។ ប៉ុន្តែ ខ្ញុំបានអង្គុយមើលលោក Elon Musk ហាត់គុន។ បើសិនជាត្រូវបានធ្វើឡើង វាអាចជាការប្រកួតបែបកំប្លែងរបស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពីថ្ងៃទី 10 សីហាដូច្នេះ។
ទោះជាយ៉ាងណាក៏ដោយ Walter Isaacson ដែលជាអ្នកទទួលខុសត្រូវក្នុងការសរសេរប្រវត្តិរូបសង្ខេបសម្រាប់លោក Musk និយាយថា លោកមិនគិតថា ការប្រកួតនេះនឹងកើតឡើងនោះឡើយ។
ការបបួលប្រយុទ្ធលើសង្វៀនរវាងម្ចាស់បណ្ដាញសង្គមធំៗលើពិភពលោកនេះ ត្រូវបានលើកឡើងកាលពីចុងខែមិថុនា ឆ្នាំ 2023 នៅពេលលោក Musk រិះគន់ចំពោះរឿង Meta បង្ហាញបណ្ដាញសង្គម Threads។ អ្នកលេងបណ្ដាញសង្គមម្នាក់ព្រមានថា មិនគួរគំរាមកំហែង Zuckerberg ព្រោះថា គាត់ចេះក្បាច់គុន។ សំណេរនេះ ភ្លាមនោះក៏ធ្វើឱ្យលោក Musk បបួលប្រយុទ្ធគ្នា ហើយ Zuckerberg ក៏បានយល់ព្រមយ៉ាងលឿន។
យោងតាម Dana White ប្រធានស្ថាប័នក្បាច់គុន UFC ដែលធ្លាប់បានជជែកជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋីទាំងពីររូបនេះសុទ្ធតែបង្ហាញភាពម៉ឺងម៉ាត់។ ការប្រកួតនេះត្រូវបានគេរំពឹងថា អាចរកប្រាក់ចំណូលបានលើសពីមួយពាន់លានដុល្លារអាម៉េរិក៕