AI (បញ្ញាសិប្បនិម្មិត) អាចដឹងបាននូវខ្លឹមសារដែលម្ចាស់កុំព្យូទ័រចុចលើក្ដារចុច តាមរយៈការស្ដាប់សំឡេងពីលេបថបក្នុងហាងកាហ្វេ ហើយមានសុក្រឹតភាពជិត 100%។
ក្រុមស្រាវជ្រាវមួយក្រុមរួមមាន Joshua Harrison មកពីក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពីសាកលវិទ្យាល័យ Surrey និងសាស្ត្រាចារ្យ Maryam Mehrenzhad មកពីសាកលវិទ្យាល័យ Royal Holloway របស់អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រយួរដៃកំពុងក្លាយជាគោលដៅដ៏ល្អសម្រាប់ការវាយប្រហារដោយការប្រើប្រាស់ AI ព្រោះតែលក្ខណៈចល័តរបស់ពួកវា។
«មនុស្សជាច្រើនចូលចិត្តយកលេបថបទៅធ្វើការក្នុងបណ្ណាល័យ ហាងកាហ្វេ ជាទីដែលសំឡេងចុចកុំព្យូទ័រងាយស្រួលត្រូវគេថតដោយមិនដឹងខ្លួន» របាយការណ៍របស់ក្រុមស្រាវជ្រាវខាងលើសរសេរដូច្នេះ និងបន្តថា «សំឡេងពីគ្រាប់ចុចកុំព្យូទ័រកំពុងក្លាយជាមធ្យោបាយសម្រាប់ការវាយប្រហារប្រកបដោយប្រសិទ្ធភាព ព្រោះវាមានស្រាប់ ចំណែកជនរងគ្រោះក៏មិនមានការសង្ស័យ ហើយបើទោះជាដឹងក៏មិនអាចលាក់បាំង (សំឡេង) បាន»។
ក្រុមខាងលើបានប្រើប្រាស់ឧបករណ៍ច្រើនប្រភេទដើម្បីថតសំឡេងចុចកុំព្យូទ័រ ក្នុងនោះមានទូរស័ព្ទជាដើម។ សំឡេងនោះ ក្រោយមកក៏ត្រូវបានបញ្ជូនទៅកាន់កុំព្យូទ័រដែលមានកម្មវិធីសិក្សាជ្រៅ (deep learning) ពីចម្ងាយ និងមានភារកិច្ចស្វែងយល់នូវខ្លឹមសារដែលត្រូវបានគោលដៅបញ្ចូលទៅក្នុងកុំព្យូទ័រតាមរយៈក្ដារចុច ទៅតាមពេលវេលាដំណាលគ្នា។
នៅក្នុងការពិសោធស្វែងយល់ខ្លឹមសារដែលបញ្ចេញសំឡេងពីក្ដារចុចកុំព្យូទ័រ MacBook Pro និងត្រូវបានថតដោយស្មាតហ្វូន លទ្ធផលដែលទទួលបានគឺត្រូវរហូតដល់ 95%។ ចំណែកការថតតាមរយៈការហៅទូរស័ព្ទវីដេអូដូច Zoom ជាដើម ភាពសុក្រឹតគឺ 93%។
ក្រុមស្រាវជ្រាវនិយាយថា លទ្ធផលនៃការពិសោធនេះបង្ហាញថា វិធីខាងលើនេះមានប្រសិទ្ធភាពចំពោះតែការចុចកុំព្យូទ័ររយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ការវាយប្រហារពីចោរអ៊ីនធើណិត ទំនងជាប្រើប្រាស់វិធីនេះដើម្បីលួចតែទិន្នន័យសំខាន់ៗ និងមានតម្លៃខ្ពស់ មានជាអាទិ៍ ឈ្មោះគណនី លេខសម្ងាត់ និងព័ត៌មានកាត ATM ជាដើម។
វិធីដែលអាចកាត់បន្ថយហានិភ័យត្រូវគេលួចថតសំឡេងចុចកុំព្យូទ័រ គឺការប្រើប្រាស់លេខសម្ងាត់ស្មុគស្មាញ រួមមានអក្សរពិសេសៗ បូកនឹងអក្សរធំ អក្សរតូច និងលេខជាដើម ហើយដាក់លេខកូដបញ្ជាក់ច្រើនជាន់ ឬប្រើវិធីស្កេនផ្ទៃមុខ ក្រយៅដៃដើម្បីការពារសុវត្ថិភាពទិន្នន័យ៕