ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស បានការពារការវាយលុករបស់ក្រុមជម្រើសជាតិអៀរឡង់ខាងជើងបានយ៉ាងរឹងមាំ ដើម្បីកក់កៅអីរបស់ពួកគេទៅកាន់យុទ្ធនាការ World Cup ឆ្នាំ2018 ក្នុងប្រទេសរុស្ស៊ី តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី2កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យពួកគេឈ្នះទាំងពីរជើង 1-០ នៃការប្រកួតវគ្គ Playoff នេះ។
ក្រុមរបស់លោក Vladimir Petkovic បានខ្ជះខ្ជាយឱកាសជាច្រើនក្នុងតង់ទី1 ខណៈដែលក្រុមជម្រើសជាតិអៀរឡង់ខាងជើងបានរក្សាទម្រង់លេងដ៏រឹងមាំរបស់ខ្លួន ប៉ុន្តែ គ្រាប់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសរបស់កីឡាករ Ricardo Rodriguez កាលពីជើងទី1 ក្នុងទីក្រុង Belfast គឺគ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិស្វ៊ីស ក្នុងការឈានទៅប្រកួត World Cup ជាលើកទី4ជាប់ៗគ្នារបស់ពួកគេ។ អ្នកចាំទី Yann Sommer របស់ស្វ៊ីស បានប្រាប់ប៉ុស្តិ៍ ទូរទស្សន៍ RTS ថា៖ «វាពិតជាការប្រកួតមួយដ៏លំបាក។ វាមានសម្ពាធជាច្រើន។ គ្រប់គ្នាបាននិយាយថា វាស្ទើរតែបញ្ចប់ទៅហើយ ប៉ុន្តែ ក្នុងការប្រកួតជាមួយនឹងក្រុមបែបនេះ វាគឺជាការប្រយុទ្ធមួយ។ ខ្ញុំពិតជារំភើបណាស់ដែលយើងបានសម្រេចគោលដៅរបស់យើង»។
ស្របពេលជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិក្រូអាស៊ី ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមម្ចាស់ផ្ទះក្រិកដែរ កាលពីថ្ងៃអាទិត្យ ដើម្បីបានទទួលការកក់កៅអីរបស់ពួកគេទៅកាន់យុទ្ធនាការ World Cup នាឆ្នាំក្រោយ ជាមួយនឹងជ័យជម្នះទាំងពីរជើង 4-1 នៃវគ្គ Playoff របស់ពួកគេ។ ក្រុមរបស់លោក Zlatko Dalic នឹងឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី5របស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ ក្រោយពីខកខានមួយលើកកាលពីឆ្នាំ2010។ សម្រាប់រយៈពេល30នាទីដំបូង ក្រុមជម្រើសជាតិក្រិកបានគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្តែ បើទោះបីខ្សែការពារ Sokratis Papastathopoulos របស់ក្លិប Borussia Dortmund និងខ្សែប្រយុទ្ធ Anastasios Bakasetas របស់ក្លិប AEK Athens មានឱកាសស៊ុតបាល់សំដៅទីយ៉ាងល្អក៏ដោយ ក៏ក្រុមម្ចាស់ផ្ទះនៅតែមិនអាចរកគ្រាប់បាល់បើកឆាកបានដែរ៕
ប្រភពពី៖ AFP