ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) កំពុងតែប្រើប្រាស់អង់តែនវិទ្យុនៅលើដីដើម្បីទាក់ទងជាមួយយានអវកាសរាប់សិបគ្រឿងរបស់ខ្លួន ដែលកំពុងធ្វើសកម្មភាព និងស្រាវជ្រាវវត្ថុអវកាសនានា។
ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករកំពុងទាក់ទង និងបញ្ជាយានអវកាសទាំងឡាយរបស់ពួកគេដែលស្ថិតនៅទីអវកាសសែនឆ្ងាយ តាមរយៈប្រព័ន្ធអវកាសជ្រៅ ជាបណ្ដាញដែលមានអង់តែនវិទ្យុខ្នាតយក្សរបស់ណាសា។
បណ្ដាញអវកាសជ្រៅ ឬ DSN មិនត្រឹមតែជាសេវាបញ្ជូនទិន្នន័យនោះទេ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ការពិសោធវិទ្យាសាស្ត្រស្ដីពីកម្លាំងទំនាញ និងរលកវិទ្យុផងដែរ។ តើវិទ្យាសាស្ត្រកម្លាំងទំនាញ និងរលកវិទ្យុគឺជាអ្វី? ធ្វើយ៉ាងណាដើម្បីឱ្យវាជួយដល់មនុស្សក្នុងការស្វែងយល់បន្ថែមពីបណ្ដាភព ព្រះចន្ទ រួមនឹងអាចម៍ផ្កាយនានានៅក្នុងប្រព័ន្ធព្រះអាទិត្យ?
គ្រប់គ្នាសុទ្ធតែបានដឹងអំពីកម្លាំងទំនាញ។ នោះគឺជាកម្លាំងដែលជួយឱ្យវត្ថុមួយស្រូបទាញយកវត្ថុដទៃៗ ឧទាហរណ៍ដូចជា ភពមួយស្រូបទាញយានអវកាសឱ្យហោះសំដៅទៅរកវាជាដើម។ កម្លាំងទំនាញក៏ជាកម្លាំងដែលជួយឱ្យភពទាំងឡាយគោចរទៅតាមគន្លងតារាវិថីជុំវិញព្រះអាទិត្យផងដែរ។
នៅលើផែនដី មនុស្សប្រើប្រាស់ ឬឆ្លងកាត់កម្លាំងទំនាញជារៀងរាល់ថ្ងៃ។ នៅពេលទម្លាក់វត្ថុមួយ វានឹងធ្លាក់មកលើដីកាន់តែលឿន ព្រោះតែកម្លាំងទំនាញរបស់ផែនដីធ្វើឱ្យវត្ថុនោះធ្លាក់ចុះក្នុងល្បឿនកាន់តែលឿន។ យានអវកាសដែលហោះសំដៅភពណាមួយក្នុងល្បឿនលឿន ឬយឺតគឺអាស្រ័យទៅលើម៉ាសរបស់ភពនោះ។ ម៉ាសកាន់តែតូច កម្លាំងទំនាញក៏កាន់តែតិច។
សភាពនៃទំនាញ បូករួមនឹងចំណេះដឹងស្ដីពីរលកវិទ្យុ ជួយឱ្យមនុស្សប្រើប្រាស់កម្លាំងទំនាញដើម្បីស្រាវជ្រាវភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ។ បន្ទាប់ពីទៅដល់គោលដៅ យានអវកាសនឹងប្រើប្រាស់អង់តែនវិទ្យុដើម្បីទាក់ទងមកកាន់ DSN នៅលើផែនដី ហើយបណ្ដាញនេះនឹងបញ្ជូនរលកវិទ្យុត្រលប់ទៅឱ្យយានអវកាសវិញ។
យានអវកាសនីមួយៗ គោចរទៅតាមគន្លងដែលអ្នកវិទ្យាសាស្ត្របានកំណត់ ហើយនឹងបញ្ជូនរលកវិទ្យុនៅពេលហោះជុំវិញគោលដៅ។ ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករអាចគណនាឃើញទីតាំង និងល្បឿនរបស់យានអវកាស តាមរយៈការវាស់វែងទៅលើការប្រែប្រួលរបស់ប្រេកង់រលកវិទ្យុរបស់យាន។ ប្រការនេះអាចទៅរួចក៏ដោយសារតែ Doppler ដែលជាបាតុភូតធ្វើឱ្យសារ៉ែនរថយន្តសង្គ្រោះបន្ទាន់មានសំឡេងខុសប្លែកពីគ្នា នៅពេលវាផ្លាស់ទីសំដៅមករកអ្នក និងពេលវាចាកចេញទៅឆ្ងាយពីអ្នក។
បាតុភូត Doppler ដែលត្រូវបានសង្កេតនៅទីនេះគឺនៅពេលយានអវកាស និងអង់តែន DSN ផ្លាស់ទីបែរទៅរកគ្នា។ ភាពខុសគ្នារវាងប្រេកង់របស់រលកវិទ្យុដែលយានអវកាសបញ្ជូនមកនៅពេលវាគោចរជុំវិញលើគន្លងតារាវិថី និងរលកសញ្ញាដែលទទួលបាននៅលើផែនដី នាំមកនូវព័ត៌មានលំអិតស្ដីពីវិសាលភាពនៃដែនទំនាញរបស់វត្ថុអវកាសមួយ។ ឧទាហរណ៍៖ បើសិនកម្លាំងទំនាញខ្លាំងជាងបន្តិច យានអវកាសនឹងបង្កើនល្បឿនលឿនជាងមុនបន្តិច ប៉ុន្តែបើកម្លាំងទំនាញរបស់វត្ថុអវកាសនោះខ្សោយបន្តិច យានអវកាសក៏បង្កើនល្បឿនយឺតជាងបន្តិច។
តាមរយៈការអភិវឌ្ឍរូបមន្តស្ដីពីដែនទំនាញរបស់វត្ថុអវកាស ក្រុមអ្នកស្រាវជ្រាវអាចវិភាគព័ត៌មានស្ដីពីរចនាសម្ព័ន្ធខាងក្នុងរបស់វត្ថុអវកាស ដោយប្រើប្រាស់ DSN៕