មហាសេដ្ឋី Elon Musk បានឱ្យដឹងថា ការប្រយុទ្ធគ្នានៅលើសង្វៀនជាមួយនឹង Mark Zuckerberg នឹងត្រូវបានផ្សាយផ្ទាល់លើបណ្ដាញសង្គម X (Twitter) ខណៈដែលម្ចាស់ Facebook បានស្នើឱ្យមានការប្រកួតនៅថ្ងៃទី 26 សីហាខាងមុខ។
កាលពីថ្ងៃទី 06 សីហា លោក Elon Musk បានលើកឡើងអំពីគម្រោងផ្សាយផ្ទាល់ការប្រកួតប្រដាល់ក្នុងទ្រុងដែកនៅលើ X ដែលមុននោះគឺជាបណ្ដាញសង្គម Twitter ហើយថា នឹងយកប្រាក់ទាំងអស់ដែលប្រមូលបាន ទៅជួយដល់អតីតយុទ្ធជន។
លោក Elon Musk និយាយថា កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួត ដោយការហាត់គុន និងលើកដុំដែកជារៀងរាល់ថ្ងៃ។ ដោយសារតែមិនមានពេលច្រើន លោកក៏ត្រូវយកដុំដែកទៅតាមខ្លួនដើម្បីហាត់នៅកន្លែងធ្វើការ។
ការប្រយុទ្ធគ្នារវាងមហាសេដ្ឋីទាំងពីររូបខាងលើ កំពុងត្រូវបានគេទន្ទឹងរង់ចាំ ហើយអាចត្រូវបានចាត់ទុកថាជាការប្រកួតប្រចាំសតវត្សរ៍ បើសិនក្លាយជាការពិត។ CEO របស់ Tesla មិនទាន់ឱ្យដឹងអំពីពេលវេលា ស្របពេលដែល CEO របស់ Meta លោក Mark Zuckerberg បានឆ្លើយតបនៅលើបណ្ដាញសង្គម Threads ថា លោក «ត្រៀមរួចរាល់សម្រាប់ថ្ងៃនេះ»។ ម្ចាស់ Facebook បានឱ្យដឹងថា បានផ្ញើសំណើដែលថា យកថ្ងៃទី 26 សីហា ជាថ្ងៃប្រកួត ប៉ុន្តែម្ចាស់ X មិនទាន់យល់ព្រម។
នៅពេលត្រូវបានសួរអំពីគោលដៅនៃការប្រកួត លោក Elon Musk ឆ្លើយថា នោះគឺជារូបភាពប្រកួតប្រកបដោយភាពថ្លៃថ្នូរ។ «បើសិនធ្វើឡើងក្នុងរយៈពេលខ្លី ខ្ញុំអាចឈ្នះ។ បើយូរ គាត់អាចឈ្នះដោយសារកម្លាំង» លោក Elon Musk បញ្ជាក់បន្ថែមកាលពីយប់ថ្ងៃទី 06 សីហា។
ចំណែក Zuckerberg វិញ និយាយថា មិនបារម្ភបន្ទាប់ពីដឹងថា លោក Musk ហាត់លើកដុំដែក។ ជាងនេះ ម្ចាស់ Facebook ក៏បានលើកឡើងទាក់ទងនឹងដំណឹងដែលថា លោក Musk គ្រោងនឹងប្រើប្រាស់បណ្ដាញសង្គម X ដើម្បីផ្សាយផ្ទាល់។ «យើងគួរជ្រើសរើសបណ្ដាញសង្គមផ្សេងដែលគួរទុកចិត្តបានជាងនេះ ដើម្បីរៃអង្គាសថវិកាសម្រាប់មនុស្សធម៌»។
ការប្រយុទ្ធលើសង្វៀនរវាងម្ចាស់បណ្ដាញសង្គមធំៗលើពិភពលោកនេះ ត្រូវបានលើកឡើងកាលពីចុងខែមិថុនា ឆ្នាំ 2023 នៅពេលលោក Musk រិះគន់ចំពោះរឿង Meta បង្ហាញ Threads។ អ្នកលេងបណ្ដាញសង្គមម្នាក់ព្រមានថា មិនគួរគំរាមកំហែង Zuckerberg ព្រោះថា គាត់ចេះក្បាច់គុន។ សំណេរនេះ ភ្លាមនោះក៏ធ្វើឱ្យលោក Musk បបួលប្រយុទ្ធគ្នា ហើយ Zuckerberg ក៏បានយល់ព្រមយ៉ាងលឿន។
យោងតាម Dana White ប្រធានស្ថាប័នក្បាច់គុន UFC ដែលធ្លាប់បានជជែកជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋីទាំងពីររូបនេះសុទ្ធតែបង្ហាញភាពម៉ឺងម៉ាត់។ ការប្រកួតនេះត្រូវបានគេរំពឹងថា អាចរកប្រាក់ចំណូលបានលើសពីមួយពាន់លានដុល្លារអាម៉េរិក៕