យន្តហោះល្បឿនលឿនជាងសំឡេង X-59 ត្រូវបានគេជឿថា នឹងហោះហើរយ៉ាងស្ងាត់នៅលើតំបន់ដីគោក មិនដូចទៅនឹងយន្តហោះ Concorde ដែលលាន់កក្រើកមេឃ។
X-59 QuessT (Quiet SuperSonic Technology) គឺជាយន្តហោះប្រតិកម្មរហ័សកំណែសាកល្បងឆ្ពោះទៅរកការកាត់បន្ថយសំឡេងផ្ទុះដែលកើតឡើងនៅពេលយន្តហោះបំបែករនាំងសំឡេង។ ជំនួសឱ្យការបញ្ចេញសំឡេងលាន់កក្រើកមេឃនៅពេលយន្តហោះធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញសំឡេងប្រហាក់ប្រហែលនឹងសំឡេងបិទទ្វារឡានប៉ុណ្ណោះ។
ក្រុមហ៊ុន Lockheed Martin ដែលកំពុងអភិវឌ្ឍយន្តហោះប្រតិកម្មគំរូនៅរោងចក្រផលិតយន្តហោះ Skunk Works ក្នុងតំបន់ Palmdale នៃរដ្ឋ California បានចែករំលែកវីដេអូបង្ហាញអំពីទិដ្ឋភាព X-59 ត្រូវបានបើកបរចេញពីឃ្លាំង និងត្រៀមខ្លួនសម្រាប់ការហោះហើរសាកល្បង។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 04 សីហា។
វីដេអូនេះបង្ហាញរូបរាងពិសេសរបស់ X-59 ដែលមានក្បាលស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះនេះមានប្រព័ន្ធអេក្រង់មើលខាងក្រៅ (XVS) ដែលអនុញ្ញាតឱ្យពីឡុតមើលទិដ្ឋភាពខាងក្រៅតាមរយៈអេក្រង់។
បន្ទាប់ពីដំឡើង X-59 រួចរាល់ ក្រុមការងាររបស់ណាសា និង Lockheed Martin នឹងធ្វើការសាកល្បងនៅលើដី មុនពេលហោះហើរ។ ការហោះហើរសាកល្បងនឹងធ្វើឡើងពីលើតំបន់ដែលមានប្រជាជនរស់នៅ ដើម្បីប្រមូលទិន្នន័យស្ដីពីការប្រតិកម្មរបស់មនុស្សទៅនឹងសំឡេងរបស់ X-59 មុននឹងដាក់ពាក្យស្នើសូមការអនុញ្ញាតពីអាជ្ញាធរ សម្រាប់ការធ្វើពាណិជ្ជកម្មលើយន្តហោះល្បឿនលឿនជាងសំឡេងនេះ។
សកម្មភាពហោះហើរពីលើតំបន់ដីគោកនៅសហរដ្ឋអាម៉េរិក ត្រូវបានហាមឃាត់តាំងពីឆ្នាំ 1973។ ណាសាសង្ឃឹមថា ការអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសំឡេងនេះអាចជួយកាត់បន្ថយពេលវេលានៃការហោះហើរក្នុងប្រទេស ចុះមកនៅពាក់កណ្ដាលនាពេលអនាគតដ៏ខ្លីខាងមុខ៕
យន្តហោះល្បឿនលឿនជាងសំឡេង X-59
សំឡេងផ្ទុះដែលកើតឡើងពេលយន្តហោះមានល្បឿនលឿនជាងសំឡេង