ប្រព័ន្ធរ៉ូបូតឆ្លាតវៃដែលផលិតឡើងដោយក្រុមវិស្វករចិន បានឆ្លងផុតដំណាក់កាលធ្វើតេស្តសម្រាប់បេសកកម្មថែទាំតេឡេស្កុបវិទ្យុខ្នាតយក្ស ដែលមានដ្យាក្រាម 500 ម៉ែត្រ (FAST)។
តេឡេស្កុបវិទ្យុធំជាងគេលើពិភពលោក FAST គឺជាគម្រោងដែលដឹកនាំដោយស្ថានីយសង្កេតតារាដោយរលកវិទ្យុ Guizhou និងមានការចូលរួមពីស្ថាប័នដទៃចំនួន 10។ FAST ស្ថិតនៅលើជ្រលងភ្នំជ្រៅ និងមូល ក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិន។ តេឡេស្កុបនេះមានតំបន់ចាប់រលកសញ្ញាធំដែលស្មើនឹងទីលានបាល់ទាត់ស្ដង់ដាចំនួន 30 បូកចូលគ្នា។
ការថែទាំគឺជាភារកិច្ចសំខាន់ដើម្បីធានានូវសមត្ថភាព ស្ថិរភាពសម្រាប់ការសង្កេតរបស់ FAST។ បណ្ដារ៉ូបូតអាចបំពេញការងារទាំងឡាយដែលមានហានិភ័យគ្រោះថ្នាក់ខ្ពស់ ហើយមនុស្សមិនអាចធ្វើបាន មានជាអាទិ៍ ការងារប្ដូរឧបករណ៍បច្ចេកវិទ្យា និងការងារសម្អាតជាដើម ដោយសារតែវាធ្វើការមិនរើសទីកន្លែង និងពេលវេលា។
យោងតាមលោក Jiang Peng ដែលជាប្រធានក្រុមវិស្វកររបស់គម្រោង FAST រ៉ូបូតឆ្លាតវៃខាងលើនឹងជួយបង្កើនពេលវេលានៃការសង្កេតប្រចាំឆ្នាំរបស់ FAST បាន 30 ថ្ងៃបន្ថែមទៀត៕