យោងតាមក្រសួងថាមពលអាម៉េរិក (DOE) អគ្គិសនីពី 5 ទៅ 10% នេះត្រូវបានប្រើប្រាស់ដោយឧបករណ៍នានាដែលអ្នកមិនប្រើប្រាស់ ឬមិនទាន់ប្រើប្រាស់។
អ្នកប្រហែលជាធ្លាប់បានឃើញពាក្យ «Energy vampires» ជាពាក្យសំដៅលើបណ្ដាឧបករណ៍ដែលនៅតែស៊ីភ្លើង បើទោះអ្នកមិនប្រើប្រាស់ ឬបានបិទចរន្តអគ្គិសនីរួចហើយ ប៉ុន្តែនៅតែភ្ជាប់ជាមួយនឹងប្រភពអគ្គិសនី។
មូលហេតុគឺថា ព្រោះតែពួកវានៅតែបន្តប្រើប្រាស់អគ្គិសនីសម្រាប់អេក្រង់ ឬកូនអំពូលភ្លើងសញ្ញា កុំព្យូទ័រស្ថិតក្នុងរបបដេក (sleep) ឆ្នាំងបញ្ចូលថាមពលដែលបានដកទូរស័ព្ទចេញ បណ្ដាឧបករណ៍បច្ចេកវិទ្យាដែលដំណើរការលាក់ខ្លួន ទូរស័ព្ទលើតុ ឧបករណ៍ឆ្លាតវៃសម្រាប់ប្រើក្នុងផ្ទះដែលអេក្រង់ត្រូវដំណើរការមិនឈប់ ឬតែងតែភ្ជាប់នឹងអ៊ីនធើរណិត។ល។
បរិមាណអគ្គិសនីខាងលើតែងត្រូវបានហៅថា «standby power» (បន្ទុកអគ្គិសនីបម្រុង), «shadow load» (បន្ទុកអគ្គិសនីស្រមោល) ឬហៅថា «vampire power» (ផ្ទុកអគ្គិសនីបីសាច)។ ទាំងនេះនឹងធ្វើឱ្យការចំណាយលើថ្លៃអគ្គិសនីប្រចាំខែរបស់អ្នកកើនឡើង។
ក៏ប៉ុន្តែ បញ្ហាខាងលើអាចដោះស្រាយបាន ដោយអ្នកគ្រាន់តែដកឌុយឧបករណ៍ទាំងឡាយដែលមិនចាំបាច់ ឬមិនប្រើប្រាស់ មិនទាន់ប្រើប្រាស់ ចេញពីព្រីភ្លើង។ យោងតាម DOE បើសិនគ្រួសារមួយដែលមានជីវភាពមធ្យមនៅសហរដ្ឋអាម៉េរិក ធ្វើដូច្នេះ ពួកគេអាចសំច័យប្រាក់បានប្រហែល 100 ដុល្លាររៀងរាល់ឆ្នាំ៕