ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិនឱ្យចូលមកទស្សនាតំបន់មាត់សមុទ្រកម្ពុជាឱ្យបានកាន់តែច្រើន រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍កម្ពុជាគ្រោងចុះអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរដ្ឋបាលក្រុងឈិនទូ នៃខេត្តស៊ីឈាន់ ប្រទេសចិននាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា «គម្រោងចុះអនុស្សរណៈខាងលើជាការនាំទៅដល់ការសម្រេចគោលដៅកម្ពុជាទទួលបានទេសចរចិនចំនួន2លាននាក់នៅឆ្នាំ2020ខាងមុខ»។ ឯកឧត្តមមានប្រសាសន៍ថា ចំពោះផែនការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរដោយគ្រប់ជ្រុងជ្រោយប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវទាំងការអភិវឌ្ឍផលិតផលទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ព្រមជាមួយការបណ្តុះបណ្តាលទាំងភាសាចិនដែលត្រូវធ្វើព្រមគ្នាគឺដើម្បីធានាឱ្យមានការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ជាមួយនឹងកំណើនប្រមាណ 15% នៃទេសចរអន្តរជាតិជាង55ម៉ឺននាក់ ទៅកាន់នៅតំបន់ឆ្នេរក្នុងរយៈពេល9ខែ ដើមឆ្នាំ2017នេះ តាមការសិក្សារបស់ក្រសួងទេសចរណ៍បច្ចុប្បន្ននៅខេត្តព្រះសីហនុនៅមានការខ្វះខាតជាសំខាន់នូវផលិតផលទេសចរណ៍ និងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍។ ឯកឧត្តមបានគូសបញ្ជាក់ថា «ការអភិវឌ្ឍនៅខេត្តព្រះសីហនុនៅមានភាពក្មេងខ្ចីនៅឡើយ ខណៈវិស័យទេសចរណ៍មានការកើនឡើងយ៉ាងឆាប់រហ័សក្រៅពីផលិតផលទេសចរណ៍ដ៏ទាក់ទាញប្រកបដោយភាពច្នៃប្រឌិតហើយ យើងក៏នៅខ្វះធនធានមនុស្សដែរ»។
ជាមួយលោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទីក្រុងឈិនទូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនទូបានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជារួម និងដោយឡែកសក្តានុពលទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍ធម្មជាតិ ប្រកបដោយភាពទាក់ទាញ ពិសេសអ្វីដែលកម្ពុជាខិតខំធ្វើសព្វថ្ងៃ ក្នុងការត្រៀមទទួលទេសចរចិននៅប៉ូលទេសចរណ៍ធំៗទាំង4 ក៏ដូចជានៅតំបន់ឆ្នេរសមុទ្រដែរ។
លោក Yu Wei បានបញ្ជាក់ថា«នៅក្នុងដំណើរទស្សនកិច្ចលើកទី1របស់លោក និងប្រតិភូក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) រវាងទីក្រុងឈិនទូ នៃខេត្តស៊ីឈាន់ ជាមួយខេត្តព្រះសីហនុផងដែរ»។ កន្លងមកទីក្រុងឈិនទូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City)ជាមួយរាជធានីភ្នំពេញផងដែរ។
ដោយមើលឃើញពីសក្តានុពលដ៏ធំរបស់ខេត្តស៊ីឈាន់ និងបទពិសោធក្នុងការរៀបចំផែនការគ្រប់គ្រងច្បាស់លាស់នៅគ្រប់ខេត្តទាំងអស់នៅចិនជារួម និងដោយឡែកនៅខេត្តស៊ីឈាន់ លោករដ្ឋមន្ត្រី ថោង ខុន និងលោក Yu Wei ក៏បានបង្ហាញគោលជំហរក្នុងការសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ និងទាក់ទាញវិនិយោគិនចិនពីខេត្តស៊ីឈាន់ មកវិនិយោគនៅក្នុងប៉ូលទេសចរណ៍ធំៗ នៅទីក្រុងភ្នំពេញតំបន់សៀមរាប-អង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការហោះហើរត្រង់រវាងទីក្រុងឈិនទូ-ខេត្តព្រះសីហនុ៕