ភ្នំពេញ៖ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗស្ទើររៀងរាល់ថ្ងៃនោះ សាលារាជធានីបានត្រៀមទឹកប្រាក់ប្រមាណជា24លានដុល្លារសម្រាប់សាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីថ្មីមួយទៀតនៅចំណុចរង្វង់មូលចោមចៅ ភាគខាងលិចរាជធានីភ្នំពេញ។
លោក សេង ត្រៃ អ្នករត់រ៉ឺម៉កកង់បីនៅចំណុចផ្សារជម្ពូវ័ន ជិតរង្វង់មូលចោមចៅបានឱ្យដឹងថា លោកតែងតែដឹកភ្ញៀវឆ្លងកាត់ទៅមកលើផ្លូវជាតិលេខ4 ដែលជាផ្លូវសេដ្ឋកិច្ចសំខាន់ជាងគេរបស់កម្ពុជា ហើយផ្លូវនេះមានការកកស្ទះជាអន្លើៗស្ទើរតែរាល់ថ្ងៃចាប់ពីរង្វង់មូលចោមចៅ រហូតដល់ចំណុចអូដឹម ខណ្ឌពោធិសែនជ័យ ដោយសារមានរថយន្តធំៗឆ្លងកាត់ច្រើន គួបផ្សំនិងផ្លូវខូចខាតស្ទើរទាំងស្រុង និងមានទឹកលិចជាប្រចាំពេលមេឃភ្លៀងខ្លាំងម្តង។
ដើម្បីរំដោះការកកស្ទះនេះ សាលារាជធានីបានបញ្ចេញថវិកាប្រមាណជា24លានដុល្លារ អាមេរិកដើម្បីត្រៀមសាងសង់ស្ពាន និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ នៅក្នុងឆ្នាំ2018ខាងមុខឆាប់ៗនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា សាលារាជធានីភ្នំពេញនឹងសាងសង់ស្ពានអាកាសថ្មីមួយខ្សែ និងធ្វើផ្លូវក្រោមដីមួយខ្សែទៀតនៅតំបន់ចំណុចប្រសព្វរង្វង់មូលចោមចៅដែលកំពុងមានបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃដែលក្រុមហ៊ុន OCIC ជាអ្នកទទួលបន្ទុកក្នុងការសាងសង់។
ចំណែកប្លង់ស្ពាន និងផ្លូវក្រោមដីនេះនឹងបញ្ចប់នៅរយៈពេល2ខែខាងមុខនេះ ហើយគម្រោងនេះមានភាពស្រដៀង ឬដូចគ្នាតែម្ដងនឹងស្ពានអាកាសនៅស្ទឹងមានជ័យដែរដោយគ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណ24លានដុល្លារអាមេរិក ជាថវិកាចំណាយរបស់សាលារាជធានី។ គម្រោងនេះគ្រោងបញ្ចប់ក្នុងរយៈពេលប្រមាណ2ឆ្នាំ ឬប្រហែល24ខែ។
ជាមួយដំណឹងនៃការសាងសង់ផ្លូវក្រោមដី និងស្ពានអាកាសថ្មីនេះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ4 ជារៀងរាល់ថ្ងៃ បានសម្តែងការត្រេកអរដោយសង្ឃឹមថា ក្រោយពេលស្ពានក៏ដូចជាផ្លូវក្រោមដីបានសាង់សង់ចប់រួចរាល់នោះ វានឹងអាចបញ្ចៀសការកកស្ទះ និងអាចចំណេញពេលវេលាក្នុងការធ្វើដំណើរផ្សេងៗទៀតផង៕