កំពូលតារាបាល់ទាត់ Messi បានចូលរួមលេងក្នុងការប្រកួតលើកទីបីក្នុងឈុតសម្លៀកបំពាក់របស់ Inter Miami ហើយនៅតែលេចធ្លោជាងគេ ដោយបានជួយឱ្យក្លឹបនេះដណ្ដើមបានជ័យជម្នះ។
ទស្សនិកជនមានឱកាសទះដៃជាថ្មីសម្រាប់ក្លឹប Inter Miami របស់អតីតកំពូលកីឡាករ David Beckham នាថ្ងៃទី 03 សីហា 2023 ពេលប្រកួតជាមួយ Orlando City SC នៅក្នុងក្របខណ្ដ Leagues Cup។ បន្ទាប់ពីបាល់រមៀលបាន 7 នាទី Messi បានជួយឱ្យ Inter Miami នាំមុខគូប្រកួត។ ពេលទទួលបានបាល់ពី Robert Taylor ភ្លាម Messi ក៏គ្រប់គ្រងបាល់នៅក្នុងតំបន់គ្រោះថ្នាក់ មុនពេលទាត់ផ្ដាច់ ផ្ដួលអ្នកចាំទីបានសម្រេច។ នេះគឺជាគ្រាប់ទី 4 ដែល Messi រកបាន បន្ទាប់ពីចូលទាត់ឱ្យ Inter Miami បាន 3 ប្រកួត។
នាទីទី 16 Orlando រកបានគ្រាប់បាល់ស្មើ ដោយថ្វីជើងរបស់ Cesar Araujo។ ក្រោយមក ដោយសារតែលេងរហ័ស Messi ក៏ត្រូវទទួលកាតលឿងដំបូង ក្រោយពីប៉ះទង្គិចជាមួយ Wilder Cartagena។ តង់ទីមួយបញ្ចប់ដោយលទ្ធផល 0-0។
ចូលដល់តង់ទីពីរ Inter Miami ក៏ចាប់ផ្ដើមវាយសម្រុកខ្លាំង ហើយក៏បាននាំមុខ 2-1 ដោយការទាត់បាល់ពិន័យនៅនាទីទី 51 របស់ Josef Martinez។
នៅនាទីទី 71 Taylor បញ្ជូនបាល់ឱ្យ Martinez ហើយកីឡាករលេខ 17 នេះក៏បានបញ្ជូនឱ្យ Messi។ M10 ក៏ទាត់ចូលទីបានមួយគ្រាប់ទៀត។ ចប់ការប្រកួត Inter Miami ឈ្នះ Orlando City 3-1 នាំឱ្យក្រុមរបស់ David Beckham ឡើងដល់វគ្គ 16 ក្រុមនៅ Leagues Cup។
បច្ចុប្បន្ន Messi រកបាន 5 គ្រាប់ បើទោះទើបតែចូលប្រកួតឱ្យក្លឹបថ្មីមិនទាន់បានមួយខែ។ Messi កំពុងតែជួយឱ្យក្លឹបអន់មួយរបស់ពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក ក្លាយជាគូប្រកួតដ៏ខ្លាំងក្លាសម្រាប់ក្រុមដទៃ។ នៅក្នុងការប្រកួតបន្ទាប់ដែលនឹងធ្វើឡើងនៅបីថ្ងៃខាងមុខ Inter Miami នឹងត្រូវជួប FC Dallas៕