យានអវកាសទំនើបបំផុតរបស់សហរដ្ឋអាម៉េរិកនេះ អាចត្រូវបានប្រើប្រាស់ក្នុងរយៈពេលប្រហែល 300 ឆ្នាំ នៅលើគន្លងតារាវិថីផែនដី។
បច្ចុប្បន្ន នៅចំពោះមុខការប្រកួតប្រជែងគ្នាក្នុងការគ្រប់គ្រងទីអវកាស គ្រាដែលបច្ចេកវិទ្យាទំនើបៗកំពុងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ បណ្ដាប្រទេសរីកចម្រើនក៏ចាប់ផ្ដើមអភិវឌ្ឍយានអវកាសដែលអាចប្រើប្រាស់ម៉ាស៊ីនដំណើរការដោយថាមពលនុយក្លេអែរ។
កាលពីថ្ងៃទី 26 កក្កដា 2023 សហរដ្ឋអាម៉េរិកបានប្រកាសថា កំពុងរៀបគម្រោងបាញ់បង្ហោះយានអវកាសដែលប្រើប្រាស់ម៉ាស៊ីននុយក្លេអែរដំបូងលើពិភពលោក ឡើងទៅកាន់គន្លងតារាវិថីផែនដី នៅឆ្នាំ 2027។
យោងតាមកិច្ចព្រមព្រៀង ណាសា និងទីភ្នាក់ងារគម្រោងស្រាវជ្រាវទំនើបសម្រាប់ការពារជាតិ (DARPA) ដែលជាស្ថាប័នរបស់ក្រសួងការពារជាតិអាម៉េរិក កំពុងតែរកវិធីអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែតដែលប្រើថាមពលនុយក្លេអែរ ដែលអាចបង្កើនលឿននៃដំណើរផ្សងព្រេងក្នុងទីអវកាស និងជួយឱ្យមនុស្សឡើងទៅកាន់ភពអង្គារបានឆាប់រហ័ស។ នេះបើតាមការចុះផ្សាយរបស់ Washington Post។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 26 កក្កដា ណាសា និង DARPA ក៏បានប្រកាសថា ពួកគេសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹង Lockheed Martin ក្នុងការអភិវឌ្ឍ ផលិត និងសាកល្បងដំណើរការរ៉ុក្កែតប្រើថាមពលនុយក្លេអែរនេះហើយ។ បើសិនគ្រប់យ៉ាងដំណើរការល្អ Lockheed Martin នឹងទទួលបានប្រាក់ជិត 500 លានដុល្លារ ក្នុងនោះមានពាក់កណ្ដាលបានពីណាសា និងពាក់កណ្ដាលទៀតបានពី DARPA។
បន្ទាប់ពីយានអវកាសត្រូវបានដំឡើងម៉ាស៊ីនរ៉ុក្កែតនុយក្លេអែររបស់ Lockheed Martin វានឹងត្រូវបាននាំឡើងទៅកាន់កម្ពស់ពី 700 ទៅ 2,000 គីឡូម៉ែត្រ។ យានអវកាសនេះនឹងស្ថិតនៅលើគន្លងតារាវិថីផែនដីប្រហែល 300 ឆ្នាំ គ្រប់គ្រាន់ដើម្បីឱ្យវិទ្យុសកម្មដ៏គ្រោះថ្នាក់របស់វា រលាយដល់កម្រិតសុវត្ថិភាព៕