ស្ងាត់ៗអស់មួយរយៈ កំពូលតារាចម្រៀងថៃ Bird Thongchai បានប្រកាសថា នៅពេលនេះលោកមានសង្សារជាផ្លូវការ ហើយ និងកំពុងតែមើលចិត្តគ្នា រស់នៅជាមួយគ្នា ព្រមទាំងបដិសេធចោលរាល់ព័ត៌មានកន្លងមក ដែលបានចោទឮល្បីថាលោកសម្ងំបើកក្រុមហ៊ុនម៉ូដែល កើបលុយរាប់ពាន់លានបាតនោះ។
អាចនិយាយបានថា គឺជារឿងមួយដែលកំពុងតែត្រូវបានគេនិយាយជាទូទៅនៅក្នុងពិភពសិល្បៈប្រទេសថៃ ដែលមានមនុស្សជាច្រើននាក់នឹកសង្ស័យសម្រាប់រឿងរ៉ាវស្នេហារបស់កំពូលតារាចម្រៀងល្បីរបស់ប្រទេសថៃ គឺលោក Bird Thongchai តែខណៈនេះលោកបានប្រកាសខ្លួនថា លោកមានសង្សារហើយ។ ចំណែកឯជីវិតឯកជនបច្ចុប្បន្ននេះវិញ លោក Bird បានប្រាប់អ្នកសារព័ត៌មានថា លោកបានផ្ញើថវិកាឱ្យទៅអ្នកគ្រប់គ្រងរាល់ថ្ងៃក្នុងការរៀបចំអាល់ប៊ុមចម្រៀងថ្មី ព្រមទាំងគ្រោងរៀបចំការប្រគំតន្ត្រីនៅក្នុងចុងឆ្នាំនេះផងដែរ។
ជាចុងក្រោយតារាចម្រៀងប្រុសដ៏ល្បីល្បាញរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះក្រុមហ៊ុនម៉ូដែល ដែលបានយកនាមត្រកូលរបស់ខ្លួនទៅប្រើប្រាស់ធ្វើជាអាជីវកម្មផ្ទាល់ខ្លួននោះ គឺលោកមិនបានដឹង និងមិនបានអនុញ្ញាតឡើយ ហើយប្រសិនបើជាសាច់ញាតិនឹងគ្នា មុននឹងធ្វើអ្វីមួយក៏ត្រូវពិភាក្សានឹងគ្នាជាមុនដែរ។ ទង្វើបែបនេះ លោកបានចាត់ទុកថា ជាការមិនគោរព និងហុចផលប៉ះពាល់ចំពោះកេរ្ដិ៍ឈ្មោះរបស់លោកជាខ្លាំង។ នេះបើតាមសារព័ត៌មាន Kapookបានចេញផ្សាយនៅថ្ងៃទី11 ខែ វិច្ឆិកា ឆ្នាំ2017 ថ្មីៗនេះ ៕