សូមស្រមៃមើលថា តើវាអស្ចារ្យកម្រិតណា នៅពេលអ្នកអាចទស្សនាទិដ្ឋភាពក្នុងសុបិនរបស់អ្នកដូចទៅនឹងការទស្សនាខ្សែភាពយន្តនៅខាងក្រៅ។
ឧបករណ៍ថតសុបិនដែលអភិវឌ្ឍដោយអ្នកជំនាញជប៉ុន បើកផ្លូវឱ្យមានការស្វែងយល់លំអិតអំពីអាថ៌កំបាំងនៃសុបិន។ យោងទៅតាមការរីកចម្រើននៃវិស័យរូបភាពសរសៃប្រសាទ និងបញ្ញាសិប្បនិម្មិត ឧបករណ៍នេះផ្ដិតយកសកម្មភាពរបស់សរសៃប្រសាទ អមនឹងស្ថានភាពរវើរវាយនៅមុនពេលដេកលក់ ហើយបំប្លែងវាទៅជារូបភាព។
តាមរយៈការបំពាក់បច្ចេកទេសផ្ដិតយករូបភាពនៃប្រព័ន្ធប្រសាទក្នុងខួរក្បាល ជាមួយនឹងបណ្ដាបច្ចេកទេសនៃបច្ចេកវិទ្យាដ៏ទំនើប ក្រុមអ្នកវិទ្យាសាស្ត្រសម្រេចបានជំហានថ្មីដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងការបកស្រាយខ្លឹមសារនៃរូបភាពក្នុងសុបិន នាំឱ្យមានការបង្កើតបានឧបករណ៍ដែលអាចប្រែក្លាយសុបិនឱ្យទៅជារូបភាពវីដេអូ។
យោងតាមទំព័រ Hoaxorface ឧបករណ៍ផ្ដិតយករូបភាពសុបិន ប្រើប្រាស់រូបភាពពីការស្កែនដំណើរការនៃលំហូរឈាមក្នុងសរសៃឈាមខួរក្បាល (fMRI) ដើម្បីវាស់ស្ទង់សកម្មភាពរបស់ខួរក្បាល និងការកំណត់យកគំរូនានាដែលទាក់ទងនឹងខ្លឹមសារនៃសុបិនជាក់លាក់។
ក្រោយមក បច្ចេកទេសកុំព្យូទ័រនឹងបំប្លែងបណ្ដាគំរូខាងលើឱ្យទៅជារូបភាពដែលអាចមើលយល់ អនុញ្ញាតឱ្យបង្កើតបានជាវីដេអូដែលបង្ហាញឡើងវិញនូវអ្វីដែលកំពុងកើតឡើងក្នុងសុបិន។
បើទោះជាឧបករណ៍ថតសុបិនបានបង្ហាញអំពីការរីកចម្រើនដ៏ឆាប់រហ័សនៅក្នុងការបកស្រាយសុបិន ប៉ុន្តែបច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍដំបូងនៅឡើយ ហើយកំពុងត្រូវបានអភិវឌ្ឍបន្ត។
នៅពេលបច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍពេញលេញ វានឹងអាចក្លាយជាបដិវត្តន៍ដែលទាក់ទងនឹងការយល់ដឹងរបស់មនុស្សចំពោះអត្ថន័យពិតរបស់សុបិន និងដឹងច្បាស់អំពីភាពស្មុគស្មាញរបស់អារម្មណ៍នៃមនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហាដែលទាក់ទងនឹងបច្ចេកវិទ្យានេះក៏អាចកើតឡើងដំណាលគ្នាផងដែរ ក្នុងនោះ មានដូចជា បញ្ហាសីលធម៌ជាដើម៕