បើទោះបីជាកម្ពុជា ត្រូវបានគេចាត់ទុកថាជាប្រទេសកសិកម្មដ៏មានសក្តានុពលមួយនៅអាស៊ី ដែលសម្បូរផ្លែឈើធម្មជាតិគ្រប់ប្រភេទក៏ដោយ ប៉ុន្តែដោយសារបច្ចេកទេសនៅមានកម្រិត ប្រជាជនខ្មែរហាក់នៅមិនទាន់មានលទ្ធភាពកែច្នៃផ្លែឈើទាំងនោះដើម្បីយកទៅច្រកដាក់ក្នុងកំប៉ុងធ្វើជាបង្អែម ឬដំណាប់ដែលអាចរក្សាទុកបានយូរនោះទេ។
លោកស្រី Marion Fromm ប្រធានក្រុមហ៊ុន ខេមបូឌាន ហាវេស ដ្រាយហ្វ្រ៊ូត បាននិយាយថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃដំណាំកសិកម្ម ពិសេសផ្លែឈើដែលជាដំណាំរួមផ្សំក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរ ជាពិសេសជនពិការនៅកម្ពុជា អ្នកស្រីបាននាំមកនូវបច្ចេកទេសធ្វើដំណាប់ផ្លែឈើពីប្រទេសអូស្ត្រាលី មកបើកជាក្រុមហ៊ុនផលិតដំណាប់ផ្លែឈើដំបូងគេនៅកម្ពុជា។ ផ្លែឈើទាំងនោះមានដូចជា ស្វាយ ម្នាស់ ចេក ល្ហុង ស្ពឺ និងមើមខ្ញីជាដើមដែលផ្លែឈើទាំងនេះសុទ្ធតែមានអត្ថប្រយោជន៍សម្រាប់សុខភាព។
ប្រធានក្រុមហ៊ុនខាងលើបានឱ្យដឹងទៀតថា ផ្លែឈើទាំងនេះត្រូវបានក្រុមហ៊ុនទទួលមកពីកសិករនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម កំពត កំពង់ស្ពឺ និងខេត្តកណ្តាល ក្រៅពីនេះក្រុមហ៊ុនក៏បានពង្រីកការដាំដុះដើមស្វាយនៅលើដីផ្ទាល់ខ្លួនក្នុងខេត្តកណ្តាលសម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ដែលមានចំនួនជាង400ដើម។ បន្ទាប់ពីដំណើរការផលិតបានរយៈពេលជិត10ឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនបានដាក់លក់ផលិតផលដំណាប់ទាំងអស់នោះនៅតាមទីផ្សារជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ទោះបីជាយ៉ាងណាផលិតផលដំណាប់ផ្លែឈើទាំងនេះ មិនមានដាក់លក់នៅតាមទីផ្សារទូទៅនោះទេ ដោយអតិថិជនអាចរកទិញបាននៅតាមហាងទំនើបៗដូចជា ស៊ុបភើម៉ាឃីត មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេទំនើបៗតែប៉ុណ្ណោះ។ ដោយមានការទទួលស្គាល់គុណភាពពីក្រុមអ្នកពិនិត្យម្ហូបអាហារនៅប្រទេសបារាំងផងនោះ ក្រុមហ៊ុនក៏បានពង្រីកការនាំចេញទៅក្រៅប្រទេសមួយចំនួននៅអឺរ៉ុប អូស្ត្រាលី ណូវែលហ្សេឡង់ ជប៉ុន សិង្ហបុរី និងកូរ៉េ ជាដើម។
ការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសទាំងនេះ គឺដោយសារក្រុមហ៊ុនមានបច្ចេកវិទ្យាផលិតស្របតាមស្តង់ដារអនាម័យខ្ពស់ មានគុណភាពដូចផ្លែឈើស្រស់ ហើយធានាបាននូវការផលិតដែលមិនមានជាតិគីមី100%។ បច្ចុប្បន្នក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវការទិញផ្លែឈើស្រស់ពីប្រជាពលរដ្ឋចំនួនចាប់ពី1តោនឡើងទៅ ដោយផ្តល់តម្លៃដូចទីផ្សារ។ ចំណែកប្រភេទដំណាប់ផ្លែឈើដែលត្រូវផលិត គឺភាគច្រើនធ្វើទៅតាមរដូវប្រមូលផល មានន័យថា ខែណាសម្បូរស្វាយផលិតដំណាប់ស្វាយខែណាសម្បូរម្នាស់ត្រូវផលិតដំណាប់ម្នាស់។
ថ្វីបើផ្លែឈើស្រស់គេពុំអាចរក្សាទុកបានយូរ ប៉ុន្តែក្រោយពីការកែច្នៃឱ្យក្លាយទៅជាដំណាប់ផ្លែឈើ ឬហៅថាផ្លែឈើសម្ងួតនេះហើយ គេអាចរក្សាទុកបានរយៈពេលចាប់ពី 2ឆ្នាំទៅដល់2ឆ្នាំកន្លះ ប៉ុន្តែដើម្បីឱ្យកាន់តែប្រសើរគេអាចទុកវានៅកន្លែងដែលមានអាកាសធាតុត្រជាក់បង្គួរ។ បើនិយាយពីបច្ចេកទេសផលិតវិញគឺមានម៉ាស៊ីនកាត់ផ្លែឈើជាបំណែកតូចៗ ម៉ាស៊ីនសម្ងួត និងមានការលាយបន្ថែមរសជាតិដោយអ្នកជំនាញឆ្លងកាត់ការបណ្តុះបណ្តាលមកពីក្រៅប្រទេសថែមទៀតផង។
លោកស្រី Marion Fromm បញ្ជាក់ថា មកទល់ពេលនេះតាមការកត់សម្គាល់របស់ក្រុមហ៊ុន បន្ទាប់ពីបានទទួលទិញផ្លែឈើផ្ទាល់ពីកសិករឃើញថា ពួកគេសុទ្ធតែមានជីវភាពប្រសើរជាងមុន ដោយពីមុនពួកគាត់ធ្វើស្រែបានតែមួយរដូវក្នុងមួយឆ្នាំ ហើយនៅពេលទំនេរមានមួយចំនួនធ្វើចំណាកស្រុកប៉ុន្តែពេលនេះពួកគាត់អាចនៅផ្ទះជួបជុំគ្រួសារដោយមានជីវភាពរឹតតែប្រសើរ តាមរយៈការដាំដុះដំណាំអនុផលបន្ថែម៕