ខណៈការប្រើប្រាស់ថ្នាំ និងជីគីមីបានបង្កើតនូវបញ្ហាស្មុគស្មាញ និងក្តីព្រួយបារម្ភជាខ្លាំងរហូតឈានដល់ការបង្កើតជាវេទិកាជជែកគ្នាជាច្រើនលើកជាបន្តបន្ទាប់នោះ ការដាំដុះបន្លែតាមគោលការណ៍ធម្មជាតិត្រូវបានគេដឹងថាកំពុងទទួលបានការគាំទ្រកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។
ការប្រើប្រាស់សារធាតុគីមី ដើម្បីធ្វើជាជំនួយដល់ការដាំដុះដំណាំកសិកម្ម ត្រូវបានគេប្រៀបប្រដូចទៅនឹងកំបិតមុខពីរដ៏គ្រោះថ្នាក់ ព្រោះវាអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព និងខាតបង់ថវិការយៈពេលយូរ។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បង្ហាញថា ការនាំចូលថ្នាំពុល និងជីគីមីមកប្រទេសកម្ពុជា មានកំណើនយ៉ាងច្រើន គឺពីចំនួន89ម៉ឺនដុល្លារក្នុងឆ្នាំ2001 ដល់2.2លានដុល្លារក្នុងឆ្នាំ2006 និងបន្តកើនឡើងរហូតដល់629លានដុល្លារក្នុងឆ្នាំ2010។
កំណើននៃការប្រើប្រាស់ថ្នាំគីមី អាចនិយាយថាបណ្តាលមកពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ក្រុមហ៊ុនលក់ជី និងថ្នាំគីមីកសិកម្ម ស្របពេលដែលការយល់ដឹងរបស់ប្រជាកសិករខ្មែរនៅមានកម្រិត។ ដោយឡែកវិធីសាស្ត្រកម្ចាត់សត្វល្អិតចង្រៃតាមបែបធម្មជាតិ ក៏មិនត្រូវបានប្រជាពលរដ្ឋខ្មែរយល់ដឹងជាសាធារណៈនោះទេ។ ក្រុមកសិករដាំដុះបន្លែធម្មជាតិបាននិយាយស្ទើរដូចៗគ្នាថា និន្នាការបរិភោគបន្លែធម្មជាតិកំពុងមានកំណើនខ្ពស់នាពេលបច្ចុប្បន្ន។
កសិករ រស់ ម៉ៅ រស់នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយថា លោកបានចាប់ផ្តើមរៀនពីបច្ចេកទេសដាំដុះបន្លែធម្មជាតិនេះកាលពីឆ្នាំ2003។ តាមរយៈការដាំដុះបន្លែធម្មជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារ លោកបានកែប្រែជីវភាពគ្រួសារពីភាពក្រីក្រ ជំពាក់បំណុលគេ មកជាកសិករមានប្រាក់ចំណូលទៀងទាត់ និងមានជីវភាពធូរធារ។ ជាមួយស្ថានភាពទីផ្សារបន្លែសរីរាង្គដែលគាំទ្រដោយអង្គការសេដាក លោក រស់ ម៉ៅ សង្កេតឃើញថា តម្រូវការទីផ្សារបន្លែសរីរាង្គមានច្រើន តែអ្វីដែលប្រជាកសិករខ្មែរកំពុងធ្វើគឺនៅមានកម្រិតទាប មិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់នោះទេ។
លោក បានប្រាប់ថា៖“បន្លែរបស់ខ្ញុំសព្វថ្ងៃ ដាំមិនទាន់ទេ។ ខ្ញុំសហការជាមួយអង្គការសេដាក ដោយខ្ញុំតែងយកបន្លែទៅលក់នៅផ្សារសេដាក ចំនួន3ដងក្នុង1សប្តាហ៍។ បន្លែរបស់ខ្ញុំលក់ដាច់ខ្លាំង ខ្ញុំដាំមិនទាន់ទេ ព្រោះខ្ញុំប្រើប្រាស់តាមគោលការណ៍ធម្មជាតិសុទ្ធសាធ គ្មានប្រើថ្នាំពុល និងគ្មានជាតិគីមីឡើយ។ ខ្ញុំពិតជាសប្បាយចិត្តដោយសារបន្លែសរីរាង្គទទួលបានការគាំទ្រកាន់តែច្រើន។ ដោយសារការតាំងចិត្ត និងការខិតខំ លោក រស់ ម៉ៅ បានក្លាយជាកសិករគំរូថ្នាក់ជាតិនៅឆ្នាំ2006 ដែលទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងអង្គការសេដាក។
អ្នកស្រី ញ៉ែម សុវណ្ណារី កសិករប្រកាន់តាមគោលការណ៍ធម្មជាតិ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយថា បន្លែធម្មជាតិមានការគាំទ្រច្រើន ហើយកសិករដែលដាំដុះបន្លែក្នុងសហគមន៍អ្នកស្រី ក៏តែងបង្កើននូវការដាំដុះដើម្បីឆ្លើយតបចំពោះតម្រូវការទាំងនោះដែរ។ ម្យ៉ាងទៀត កសិករដែលដាំដុះបន្លែធម្មជាតិប្រៀបដូចជាមានអំណាចមួយក្នុងការចរចាជាមួយទីផ្សារផងដែរ។
អ្នកស្រី បានអះអាងថា៖“ទីផ្សាររបស់យើងមិនឃើញមានការស្រុតចុះនោះទេ គឺយើងឃើញសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងជាលំដាប់។ ក្នុងពេលផ្គត់ផ្គង់ដល់ផ្សារបន្លែសរីរាង្គនៅភ្នំពេញ យើងតែងកំណត់ភាពប្រែប្រួលនៃតម្លៃបន្លែរាល់ពីរខែម្តង។ យើងជាអ្នកកំណត់តម្លៃ ដោយសារយើងឃើញថាការដាំដុះតាមគោលការណ៍ធម្មជាតិនេះគឺលំបាកច្រើន មិនងាយធានានូវផលជាប្រចាំដល់ទីផ្សារនោះទេ។
មន្ត្រីជំនាញធ្លាប់បានបញ្ជាក់ថា 95%នៃថ្នាំគីមីកសិកម្មដែលកំពុងធ្វើចរាចរណ៍នៅប្រទេសកម្ពុជា មានស្លាកសញ្ញាសរសេរជាភាសាអង់គ្លេស ថៃ ចិននិងវៀតណាម ជាដើម។ ការសរសេរជាភាសាបរទេសបែបនេះបានបង្កការលំបាកជាច្រើនដល់ការយល់ដឹងសម្រាប់ប្រជាកសិករខ្មែរក្នុងការប្រើប្រាស់។
លោក ហឹម ផានិត មន្ត្រីនៃមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា NPCC បានលើកឡើងថា ការប្រើប្រាស់តាមគោលការណ៍ធម្មជាតិពិតជាផ្តល់នូវផលប្រយោជន៍សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ព្រោះការប្រើប្រាស់ថ្នាំគីមីមិនត្រឹមតែសម្លាប់សត្វល្អិតចង្រៃប៉ុណ្ណោះទេ សូម្បីតែមនុស្សក៏វាអាចសម្លាប់បានដែរ។ លោកបន្តថា វាមានសារៈប្រយោជន៍ទាំងអស់គ្នាទាំងអ្នកបរិភោគ និងកសិករខ្លួនឯងផ្ទាល់ ដោយកសិករគាត់អាចសន្សំសំចៃមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមីសម្លាប់សត្វល្អិត ខណៈអ្នកបរិភោគអាចចៀសផុតពីផលប៉ះពាល់ពីជាតិគីមី។
តាមការស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ថ្នាំគីមី គឺអាចទទួលបានផលច្រើនក្នុងរយៈពេលខ្លី តែផលប៉ះពាល់ស្ថិតនៅរយៈពេលវែង ហើយអាចនាំមកនូវផលលំបាកយូរអង្វែងដល់បរិស្ថាន សង្គម និងសុខភាពមនុស្ស-សត្វទៀតផង។
អង្គការសេដាក ដែលបានសិក្សាទៅលើការប្រើប្រាស់ថ្នាំគីមី និងជីគីមី បានរកឃើញថា នៅឆ្នាំ2013 កសិករនៅតាមដងទន្លេមេគង្គតែងតែប្រើប្រាស់ថ្នាំពុលប្រភេទខ្លាំងក្រៃលែង និងក្នុងកម្រិតកំហាប់ខ្ពស់សម្រាប់ដាំបន្លែ និងស្រូវ។ ឥទ្ធិពលនៃថ្នាំ និងជីគីមីទាំងនោះបានជះឥទ្ធិពលមិនត្រឹមតែបន្លែ និងសុខភាពអ្នកប្រើប្រាស់នោះទេ សូម្បីតែជីវៈចម្រុះក្នុងទឹក អ្នកប្រើប្រាស់ទឹកនៅតាមដងទន្លេ ក៏ទទួលរងផលប៉ះពាល់ផងដែរ។
លោកបណ្ឌិត Muhamad Saeed ប្រធាននាយកដ្ឋានកសិកម្មនៃអង្គការផលិតភាពអាស៊ី (APO) បាននិយាយថា នៅក្នុងពិភពលោកថ្នាំគីមីសម្លាប់សត្វចង្រៃបានបំផ្លាញអាហារសក្តានុពលជាង40% នៃអាហារសរុប ហើយការបាត់បង់ច្រើនបំផុតគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានអះអាងថា៖“ថ្នាំគីមីសម្លាប់សត្វល្អិតមានតម្លៃខ្ពស់និងមានគ្រោះថ្នាក់ដល់មនុស្ស សត្វ និងបរិស្ថាន។
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា និយាយពីគីមីអ្វីៗក៏ត្រូវការគីមីដែរ តែគីមីត្រូវមានវិធីប្រើប្រាស់ និងវិធីគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ បច្ចុប្បន្នកសិករខ្មែរ ខ្វះលទ្ធភាពប្រកួតប្រជែងឱ្យបានត្រឹមត្រូវជាមួយកសិករនៃប្រទេសជិតខាង ធ្វើឱ្យការផលិតរបស់គាត់ត្រូវចំណាយខ្ពស់ ដែលនាំទៅដល់ការបាត់បង់សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ៕