Skip to content

សូមប្រយ័ត្ន! បញ្ហាកូន​បង​ច្រណែន​កូនប្អូន

បញ្ហា​មួយ​ប្រការ​ទៀត​ដែល​ឪពុកម្តាយ​ច្រើនតែ​ភ្លេច​គឺ ភ្លេច​នឹក​ដល់​កូនច្បង​ដែល​នៅឯ​ផ្ទះ ព្រោះ​កំពុងតែ​សប្បាយចិត្ត និង​រំភើប​​នឹង​កូនពៅ​ដែល​ទើបនឹង​កើត ធ្វើឱ្យ​ភ្លេច​កូន​ដទៃទៀត​អស់​មួយរយៈ។ បញ្ហា​នេះ​ជា​បញ្ហា​ធំ​មួយ​ដែល​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ល្អ ព្រោះ​​ការនាំ​កូនពៅ​ទើបនឹង​កើត​ទៅផ្ទះ​វិញ អាច​នឹងធ្វើ​កូនបងៗខ្លះ​មិន​សប្បាយ​ក្នុង​អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​មាន​អារម្មណ៍​ថា ខ្លួនឯង​ត្រូវ​បាន​ប៉ា​ម៉ាក់​បំភ្លេចចោល ព្រោះ​ឃើញ​ឪពុកម្តាយ ឬ​សូម្បីតែ​សាច់ញាតិ​ឯទៀត​តាំងពី​លោកតា លោកយាយ​រវល់​តែ​យកចិត្តទុកដាក់​នឹង​កូនពៅ​តូច ហើយ​អ្នក​ម្តាយ​ក៏​រវល់​តែ​វីវក់​ជាមួយ​កូនពៅ និង​គិតថា កូនបងៗប្រហែលជា​អាចជួយ​ខ្លួនឯងបាន​ហើយ មិនចាំបាច់​មើល​ថែទាំ​អី​ច្រើន​ទេ។ ការគិត និងការ​ធ្វើបែបនេះ​អាចធ្វើឱ្យ​ក្មេង​គិតថា “ម៉ាក់​បោះបង់​យើង​ចោល​ហើយ បានជា​មិន​រវល់​ជាមួយ​យើង​”​។

ដូច្នេះហើយ​ទើប​គេ​ព្យាយាម​ទាមទារ​ការចាប់អារម្មណ៍ផ្សេងៗ ដើម្បីឱ្យ​ប៉ា​ម៉ាក់​ងាក​មក​ចាប់អារម្មណ៍​រូបគេ​វិញ​ដូចជា កូន​បងៗ​ទាំងនោះ​អាចមាន​អាការ​ឆាប់​មួម៉ៅ រករឿង តោង​ដៃ​តោង​ជើង​ឪពុកម្តាយ ​ឬអ្វី​ដែល​ធ្លាប់ជួយ​ខ្លួនឯងបាន ដូចជា ធ្លាប់តែ​ទៅ​នាម​បាន​ដោយ​ខ្លួនឯង ក៏​បែរជា​នោម​ដាក់​ពូក ឬ​នោម​ដាក់​ខោ ​ដើម្បីឱ្យ​ម្តាយ​មកជួយ ឬ​មក​នៅក្បែរជាដើម។ រឿង​ទាំងអស់នេះ សំខាន់​គឺ​អ្នក​​ម្តាយ​គួរ​យល់​ពី​ទង្វើ​ទាំងនោះ និង​ងាក​មក​ផ្តល់នូវ​ការចាប់អារម្មណ៍​យ៉ាងពិត​ប្រាកដ មិនគួរ​ស្តីបន្ទោស វាយ ឬ​ដាក់ទោស​កូន​បង​ទាំង​​នោះទេ
មិន​ដូច្នោះ​ទេ​បញ្ហា​អាច​នឹង​រីក​រាលដាល​ធំ​ឡើង​ក្លាយជា​បញ្ហា​បង​ច្រណែន​ប្អូន​ពិបាក​ដោះស្រាយជាមិនខាន។

ឪពុកម្តាយ​គួរតែ​ត្រៀម​ឱ្យ​ហើយ​តាំងពី​ពេលមានគភ៌ ឱ្យ​កូន​បង​បានដឹង​ជាស្រេច​ថា នឹងមាន​ប្អូន​ថ្មី​ម្នាក់​កើតឡើង និង​បើ​មាន​ឱកាស ចូរ​ឱ្យគេ​បាន​ទៅសួរសុខទុក្ខ​ប្អូន​នៅ​មន្ទីរពេទ្យ​ផង​រឹតតែ​ល្អ (តែបើ​កំពុង​ឈឺ កុំឱ្យ​ទៅជិត​ប្អូន)។ អ្វីដែល​សំខាន់​នោះ​គឺ ឪពុក​ម្តាយ និង​សាច់ញាតិ​ឯទៀត​គួរ​សម្តែង​ឱ្យឃើញថា សេចក្តីស្រឡាញ់​ដែលមាន​ចំពោះ​កូនបងៗមិន​ប្រែប្រួល​ឡើយ។ ឪពុកម្តាយ​គួរ​បែង​ចែក​​ពេលវេលា​ឱ្យ​កូន​បង និង​ប្រតិបត្តិ​ជាមួយ​គេ​យ៉ាង​ជាប់លាប់ ធ្វើ​ឱ្យគេ​ជឿជាក់ថា យើង​មិនបាន​បោះបង់​រូបគេ​ចោល​ទេ និង​ព្យាយាម​​ទាញ​
គេ​ឱ្យមក​មាន​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​មើលថែទាំ​ប្អូន​តូច​ផង ដូចជា​ ជួយ​ម៉ាក់​កាន់​ដប​ទឹកដោះគោ ជួយ​យក​កន្ទប​មក​​ផ្លាស់ ឬ​បើ​ប្អូន​តូច​យំ ជំនួស​ឱ្យ​អ្នក​ម្តាយ​ដែល​ត្រូវ​ប្រញាប់រ​ត់ទៅ​មើល​តែឯង​នោះ គួរតែ​ដឹក​ដៃ​គេ​ទៅ​មើល​ប្អូន​ដែរ ដោយ​ប្រាប់ថា “តោះ! យើង​ទៅ​មើល​មើល៍ ម៉េច​បាន​ប្អូន​យំ?” ជាដើម។ ការប្រតិបត្តិ​បែបនេះ​នឹងធ្វើ​ឱ្យ​កូន​បង​មាន​ភាពជឿជាក់​លើ​ប៉ា​ម៉ាក់​កាន់តែ​ខ្លាំង​​ឡើង និង​មាន​អារម្មណ៍ល្អ​ជាមួយ​ប្អូន​តូច​ទៀតផង។

មាន​ចំណុច​ណែនាំ​មួយ​ដែល​លោកឪពុក​អ្នក​ម្តាយ​អាច​នាំយកទៅ​ប្រតិបត្តិ និង​ជួយ​ឱ្យ​កើត​ផល​ល្អ​បាន​គឺ នៅពេល​នាំ​កូនពៅ​ទើបនឹង​កើតចេញពី​ពេទ្យ​មកដល់​ផ្ទះ​ភ្លាម ឪពុក ឬ​ម្តាយ​មិនគួរគិតតែ​ពី​រោម​យកចិត្តទុកដាក់​លើ​កូនតូច​តែ​ម្នាក់​នោះទេ។ រឿង​ដំបូង​ពេល​ដែល​មកដល់​ផ្ទះ អ្នក​ម្តាយ​គួរតែ​ប្រញាប់​ស្ទុះ​ទៅ​ឱប​កូន​បង​ជាមុនសិន ហើយ​ប្រាប់​គេ​ថា ម៉ាក់ និង​ប៉ា​នាំ​អា​អូន​មកឱ្យ​កូន​ឯង​ហើយ និយាយងាយៗគឺ​ផ្តល់​ចំណាប់អារម្មណ៍​លើ​កូន​បង​មុន​ តែបើ​បញ្ហា​បង​ច្រណែន​ប្អូន​នេះ​មិនអាច​ដោះស្រាយបាន​មែនទែន​នោះ គួរ​​ទៅ​ប្រឹក្សា​ជាមួយគ្រូពេទ្យ ​ដើម្បី​សេចក្តីសុខ​ក្នុង​គ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *