ដើម្បីឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុតក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។
តើអ្នកគួរតែយល់ដឹងអ្វីខ្លះនៅក្នុងវិស័យអចលនទ្រព្យ?
1/ សិក្សាពីតម្លៃក្នុងស្រុក
នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?
2/ មើលទៅតំបន់ជាយក្រុង
ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
3/ ត្រូវតាមដានព័ត៌មានឱ្យបានល្អិតល្អន់
ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕