សកម្មភាពបុគ្គលិកចេញ-ចូលច្រើន ឬធ្វើការបានតែមួយរយៈពេលខ្លី ហើយផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ ជាភាពអសកម្មមួយដែលក្រុមហ៊ុនជាច្រើននៅកម្ពុជាកំពុងជួបប្រទះ ហើយបញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពការងាររបស់ក្រុមហ៊ុន និងបុគ្គលិកនោះផ្ទាល់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ប៊ុននិត អគ្គនាយកក្រុមហ៊ុនធនធានមនុស្ស Idea Plus បានលើកឡើងថា មានកត្តាសំខាន់ 2យ៉ាងដែលធ្វើឱ្យបុគ្គលិកចេញចូលច្រើននៅក្នុងស្ថាប័នមួយ។ កត្តាទី 1 គឺកត្តាផលប្រយោជន៍ (profit) និងកត្តាទី 2 គឺកត្តាអារម្មណ៍ ឬមនោសញ្ចេតនា (emotion)។ លោក ប៊ុននិត បានបញ្ជាក់ថា កត្តាផលប្រយោជន៍ភាគច្រើនអាចកើតមកពីការគិតរបស់មេដឹកនាំនៃស្ថាប័ននីមួយៗដែលតែងតែគិតថា មានលុយគឺប្រាកដជាអាចធ្វើអ្វីបានគ្រប់យ៉ាង តែតាមពិតទៅបុគ្គលិកម្នាក់ៗមិនប្រាកដថា ត្រូវការលុយទាំងស្រុងនោះទេ។ ក្រៅពីកត្តាលុយកាក់ បុគ្គលិកក៏ត្រូវការលក្ខខណ្ឌការងារល្អប្រសើរ ការយកចិត្តទុកដាក់ និងកត្តាមួយចំនួនទៀតផងដែរ។
លោក ងួន ប៊ុននិត បាននិយាយថា៖ «ភាពមានមនោសញ្ចេតនាក្នុងស្ថាប័ន និងកត្តាផលប្រយោជន៍ជាផ្នែកសំខាន់ដែលមិនអាចខ្វះបាន ព្រោះថា ប្រសិនបើមានតែមនោសញ្ចេតនា ហើយខ្វះលុយកាក់មនុស្សមិនអាចទ្រទ្រង់ជីវភាពបាននោះទេ តែប្រសិនបើមានតែលុយកាក់ ហើយខ្វះមនោសញ្ចេតនាមនុស្សក៏ធ្វើការមិនបានយូរដូចគ្នាដែរ»។
លោក ងួន ប៊ុននិត បានបន្ថែមទៀតថា ក្រៅពីកត្តាបរិស្ថានក្នុងក្រុមហ៊ុន កត្តាបុគ្គលិកក៏ជាផ្នែកមួយផងដែរនៃការផ្លាស់ប្តូរកន្លែងធ្វើការពីមួយកន្លែងទៅមួយកន្លែងរបស់មនុស្សម្នាក់។ ការដែលបុគ្គលិកមើលឃើញតែផលប្រយោជន៍ ឬធ្វើការដោយផ្តោតតែលើប្រាក់ខែខ្លាំងពេកក៏អាចធ្វើឱ្យពួកគេចាកចេញពីមួយកន្លែងទៅមួយកន្លែងបានដែរ ព្រោះថា ឱ្យតែក្រុមហ៊ុនណាហ៊ានចំណាយប្រាក់ខែឱ្យគាត់លើសកន្លែងចាស់បន្តិចបន្តួចគាត់នឹងទៅភ្លាម។ ម្យ៉ាងវិញទៀត ការធ្វើការដោយមិនស្គាល់ខ្លួនឯងច្បាស់ក៏ជាផ្នែកមួយអាចធ្វើឱ្យពួកគេត្រូវផ្លាស់ប្តូរការងារជាញឹកញាប់បានដែរ ព្រោះនៅពេលដែលធ្វើការងារមួយយូរៗទៅគាត់អាចនឹងមានអារម្មណ៍ថា មិនពេញចិត្ត ឬនឿយហត់ខ្លាំងប្រសិនបើការងារនោះមិនស្របជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់។
ប្រធានក្រុមហ៊ុនធនធានមនុស្សខាងលើបានផ្តល់ដំណោះស្រាយថា ដើម្បីកុំឱ្យខ្លួនត្រូវស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរការងារពីមួយកន្លែងហើយទៅមួយកន្លែងទៀត សូមពិចារណាឱ្យបានច្បាស់លាស់មុនពេលសម្រេចចិត្តធ្វើការងារនៅក្នុងស្ថាប័នណាមួយ មិនមែនស្វែងរកការងារដើម្បីតែឱ្យបានធ្វើសិននោះទេ។ ចំណុចដែលត្រូវមើលជាដំបូងគឺទស្សនវិស័យរបស់ក្រុមហ៊ុន ថាតើមានលក្ខណៈស្របនឹងគោលដៅ និងចំណង់ចំណូលចិត្តរបស់យើងដែរឬទេ? ហើយវប្បធម៌ និងបរិស្ថាននៃការធ្វើការងារក្នុងស្ថាប័ននោះមានលក្ខណៈល្អប្រសើរស្របនឹងសមត្ថភាព ឬលក្ខណសម្បត្តិរបស់យើងដែរឬទេ?។
បង្ហាញលើចំណុចដូចគ្នានេះ លោក រិន រ៉ាវុធ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងជាសាស្ត្រាចារ្យផង បានលើកឡើងថា ការផ្លាស់ប្តូរការងារញឹកញាប់របស់បុគ្គលិកអាចមានផលប៉ះពាល់យ៉ាងច្រើនដល់ស្ថាប័ន និងបុគ្គលិកដែលដាក់ពាក្យធ្វើការងារនោះ។ សម្រាប់ស្ថាប័ន គឺលំបាកក្នុងការរៀបផែនការ ឬត្រូវចំណាយច្រើនទាំងពេលវេលា និងថវិកាដើម្បីជ្រើសរើសបុគ្គលិកថ្មី ហើយពេលខ្លះក៏អាចធ្វើឱ្យអាក់ខានដល់ដំណើរនៃការងាររបស់ក្រុមហ៊ុននោះថែមទៀតផង។ សម្រាប់បុគ្គលិកវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះថា នៅពេលដែលគាត់ផ្លាស់ប្តូរកន្លែងធ្វើការងារច្រើន គាត់នឹងអាចមានបញ្ហាលើតម្លៃនៃខ្លួនគាត់សម្រាប់ស្ថាប័ននានាដែលគាត់ដាក់ពាក្យធ្វើការងារ។ នៅក្នុង CV ប្រសិនបើគាត់បង្ហាញការផ្លាស់ប្តូរកន្លែងធ្វើការងារច្រើន ស្ថាប័នថ្មីនោះអាចនឹងមិនហ៊ានទទួលយកគាត់ឱ្យធ្វើការនោះទេ ព្រោះគេខ្លាចគាត់ចូលបានតែក្នុងរយៈពេលខ្លី ហើយចេញទៅទៀតជាដើម។
លោក រិន រ៉ាវុធ បាននិយាយថា៖ «ដើម្បីកុំឱ្យខាតទាំងអស់គ្នា ទាំងស្ថាប័ន និងទាំងបុគ្គលិកខ្លួនឯង គួរគិតគូរឱ្យបានច្បាស់លាស់លើផ្នែកធនធានមនុស្ស ព្រោះថា ផ្នែកនេះជាផ្នែកសំខាន់សម្រាប់ដំណើរការការងាររបស់ក្រុមហ៊ុនទូទៅ»។
លោក រិន រ៉ាវុធ បានបន្ថែមទៀតថា ដើម្បីចៀសវាងបញ្ហាបុគ្គលិកផ្លាស់ប្តូរការងារញឹកញាប់ សម្រាប់ស្ថាប័នគួរផ្តល់ឱ្យនូវលក្ខខណ្ឌល្អប្រសើរ ហើយជ្រើសរើសតែបុគ្គលិកណាដែលមានឆន្ទៈអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនយូរអង្វែង ឬជាអ្នកដែលមានបំណងកសាងអនាគតយូរអង្វែងជាមួយស្ថាប័ន។ ការជ្រើសរើសបុគ្គលិកដែលមានគោលដៅច្បាស់លាស់ ហើយជជែកគ្នាឱ្យច្បាស់ពីគោលបំណងរួមរបស់ស្ថាប័ន និងផ្តល់ផលប្រយោជន៍យូរអង្វែងទៅវិញទៅមករវាងស្ថាប័ន និងបុគ្គលិក ដែលវាក៏ជារឿងសំខាន់មួយដែលចាំបាច់ត្រូវតែធ្វើ ព្រោះថា បុគ្គលិកដែលយល់ពីតម្លៃរបស់ខ្លួននៅក្នុងស្ថាប័ន និងយល់ពីតម្លៃរបស់ស្ថាប័នចំពោះខ្លួន ភាគច្រើនជាអ្នកដែលវិនិយោគខ្លួនឯងយូរអង្វែងនៅក្នុងស្ថាប័នមួយបានច្រើនឆ្នាំ ដែលអាចនាំទាំងខ្លួនគេផ្ទាល់ និងស្ថាប័នឆ្ពោះទៅរកភាពជោគជ័យបាន៕