(សហរដ្ឋអាម៉េរិក) – សមាជិកថ្មី Lionel Messi បានរួមចំណែកពីរគ្រាប់ និងបង្កឱកាសបានមួយគ្រាប់ក្នុងការប្រកួតមួយដែល Inter Miami ឈ្នះ Atlanta United 4-0 នៅក្នុងពូល J នៃ Leagues Cup កាលពីព្រឹកមិញ (26 កក្កដា 2023)។
បួនថ្ងៃបន្ទាប់ពីបានចូលទីលានប្រកួតក្នុងនាមជាកីឡាករបម្រុង និងរកបានគ្រាប់បាល់ ជួយឱ្យ Inter Miami ផ្ដួល Cruz Azul កំពូលកីឡាករ Messi ក៏បានក្លាយជាកីឡាករជម្រើសដំបូងនៅពេល Inter Miami ប្រកួតជាមួយក្រុមភ្ញៀវ Atlanta United។
ក្នុងការប្រកួតកាលពីព្រឹកថ្ងៃទី 26 កក្កដា 2023 ក្រុមម្ចាស់ផ្ទះ (Inter Miami) ហាក់មានសភាពយឺតយ៉ាវ និងត្រូវរងការវាយលុកច្រើនលើកនៅក្នុងប៉ុន្មាននាទីដំបូង។ ប៉ុន្តែ ក្រោយការរួចផុតពីគ្រោះថ្នាក់បានពីរលើក Inter Miami ក៏ចាប់ផ្ដើមលេងល្អឡើងវិញ។ Messi គឺជាអ្នកដែលបានធ្វើឱ្យមានការប្រែប្រួលច្បាស់។ បន្ទាប់ពីទាត់បញ្ឆិតចំបង្គោលទីនៅនាទីទី 8 ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះបានស៊ុតម្ដងទៀត ហើយក៏រកបានមួយគ្រាប់ដំបូងជូន Inter Miami។
ចាប់ពីនាទីនោះមក Inter Miami ក៏គ្រប់គ្រងបាល់បានកាន់តែច្រើន។ មកដល់នាទីទី 22 ក្រុមរបស់អតីតតារាបាល់ទាត់ David Beckham ក៏រកបានគ្រាប់ទីពីរ ហើយអ្នកទាត់ចូលគឺ M10 ដដែល។ Inter Miami រកបានគ្រាប់បាល់ទីបីដោយកីឡាករ Taylor នៅនាទីទី 44។
ចូលដល់តង់ទីពីរ Inter Miami នៅតែវាយសម្រុក។ នាទីទី 54 Messi បញ្ជូនបាល់កាត់តាមចន្លោះកីឡាករគូប្រកួត ទៅឱ្យ Taylor។ កីឡាករជនជាតិហ្វាំងឡង់រូបនេះក៏កែបាល់មួយចង្វាក់ ហើយស៊ុតផ្ដាច់បានសម្រេច ជួយឱ្យ Inter Miami នាំមុខ Atlanta United 4-0។
ក្រោយពីបាននាំមុខដោយតួលេខខាងលើ Busquets និង Messi ក៏ត្រូវប្ដូរចេញជាបន្តបន្ទាប់នៅនាទីទី 72 និង 78។ លទ្ធផលនេះត្រូវបានរក្សារហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះបានជួយឱ្យ Inter Miami កែប្រែតំណែងនាំមុខពូល J នៅ Leagues Cup។ M10 និងក្រុម Inter Miami បច្ចុប្បន្នមាន 6 ពិន្ទុក្នុងដៃ បន្ទាប់ពីលេងបានពីរប្រកួត ដែលនេះគឺគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គ 1/6 ខណៈដែល Cruz Azul និង Atlanta United នឹងប៉ះគ្នានៅថ្ងៃទី 29 កក្កដា ដើម្បីដណ្ដើមយកតំណែងដែលនៅសល់។
នៅលើតារាងភាគខាងកើតរបស់ MLS ក្រុម Atlanta United ឈរលំដាប់ទី 7 ដោយមាន 35 ពិន្ទុ។ ចំណែក Inter Miami ស្ថិតនៅបាតតារាង ដោយមាន 18 ពិន្ទុ។ ក៏ប៉ុន្តែ វត្តមានរបស់ Messi និង Busquets អាចនឹងជួយកែប្រែស្ថានការណ៍របស់ Inter Miami នាពេលខាងមុខ។ នៅក្នុងពីរប្រកួតដែលបានលេងឱ្យ Inter Miami កំពូលតារាបាល់ទាត់ជនជាតិអាហ្សង់ទីន រកបានបីគ្រាប់ទៅហើយ៕