ក្រុមអ្នកជំនាញរបស់ប្រទេសចិន កំពុងតែសាងសង់មូលដ្ឋានថ្មីដើម្បីបម្រើដល់ការពិសោធដែលទាក់ទងនឹងដែនទំនាញផែនដី រួមចំណែកក្នុងការសិក្សាស្រាវជ្រាវទីអវកាស។
មូលដ្ឋានពិសោធន៍មីក្រូទំនាញជាមួយនឹងអេឡិចត្រូម៉ាញ៉េទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅទីក្រុងប៉េកាំង មានកម្ពស់ 40 ម៉ែត្រ ប្រើប្រាស់ម៉ាស៊ីនពិសេសដែលនាំវត្ថុឡើង-ចុះ និងទទួលបទពិសោធន៍នៃស្ថានភាពដែលស្ទើរតែមិនមានទំនាញផែនដីក្នុងរយៈពេល 4 វិនាទី។ នេះបើតាមការចុះផ្សាយរបស់ SCMP កាលពីថ្ងៃទី 20 កក្កដា 2023។
MEFEL អាចឱ្យធ្វើការពិសោធ 100 ដង/ថ្ងៃ និងចំណាយអគ្គិសនីប្រហែលតែ 1 គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះសម្រាប់ការពិសោធមួយ។ វាក៏អាចបង្កើតកម្លាំងទំនាញស្រាលដើម្បីធ្វើត្រាប់តាមលក្ខខណ្ឌធម្មជាតិនៅលើព្រះចន្ទ និងភពអង្គារ។
កាលពីឆ្នាំ 2019 មូលដ្ឋានដំបូងដែលស្ថិតក្នុងប្រភេទ MEFEL ចាប់ផ្ដើមដំណើរការនៅប្រទេសអាល្លឺម៉ង់ និងមានឈ្មោះថា Einstein – Elevator។ អគារនេះមានកម្ពស់ 40 ម៉ែត្រ អាចឱ្យទទួលបទពិសោធន៍ស្ថានភាពគ្មានទំនាញប្រហែល 4 វិនាទី ហើយអាចធ្វើការពិសោធបាន 300 ដង/ថ្ងៃ។
ក្រុមអ្នកវិទ្យាសាស្ត្រចិន បានចាប់ផ្ដើមអភិវឌ្ឍ MEFEL តាំងពីឆ្នាំ 2017។ ពួកគេប្រើប្រាស់ម៉ាស៊ីនប្រវែង 3 ម៉ែត្រ ដើម្បីបង្កើតបរិស្ថានគ្មានទំនាញក្នុងរយៈពេលខ្លី។ នៅខាងក្នុង MEFEL ឈុតសម្រាប់ពិសោធន៍នឹងផ្ដល់បរិស្ថានមានទំនាញផែនដីស្មើនឹង 1/100,000 នៃកម្រិតទំនាញធម្មតានៅលើផែនដី ក្នុងរយៈពេល 4 វិនាទី។
ក្រុមវិស្វករចិន ក៏ពុងតែអភិវឌ្ឍ MEFEL ជំនាន់ថ្មី ដែលគ្រោងនឹងអាចបង្កើតស្ថានភាពគ្មានទំនាញឱ្យបានដល់ 20 វិនាទី និងទម្ងន់អតិបរមាសម្រាប់ការពិសោធ នឹងឡើងដល់ 500 គីឡូក្រាម៕