Paula Hurd ដែលជាស្ត្រីម្នាក់កំពុងមានទំនាក់ទំនងស្នេហាជាមួយមហាសេដ្ឋីអាម៉េរិក Bill Gates គឺជាស្ត្រីមេម៉ាយ និងជាភរិយារបស់សពអតីត CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Oracle ហើយធ្លាប់ធ្វើជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនសបវ៉ែរ។
កាលពីចុងសប្ដាហ៍កន្លង Paula Hurd អាយុ 60 ឆ្នាំ បានបង្កការភ្ញាក់ផ្អើល នៅពេលរួមដំណើរជាមួយលោក Bill Gates អាយុ 67 ឆ្នាំ ទៅជួបកូនៗរបស់សហស្ថាបនិក Microsoft ក្នុងភោជនីយដ្ឋានមួយនៅ New York។ អ្នកស្រី Paula ពាក់ចិញ្ចៀនលើម្រាមដៃនាង ធ្វើឱ្យមានការសន្និដ្ឋានថា អ្នកស្រីបានភ្ជាប់ពាក្យជាមួយមហាសេដ្ឋី Bill Gates។ ក៏ប៉ុន្តែ តំណាងរបស់អ្នកស្រីនិយាយថា អ្នកស្រីបានពាក់ចិញ្ចៀននេះតាំងពីរាប់សិបឆ្នាំមុនមកម្ល៉េះ ហើយវាមិនតំណាងឱ្យការភ្ជាប់ពាក្យ។
លោក Bill Gates និងអ្នកស្រី Melinda French Gates បានលែងលះគ្នាកាលពីពាក់កណ្ដាលឆ្នាំ 2021 ក្រោយពីបានរស់នៅជាមួយគ្នាអស់ 27 ឆ្នាំ។
តាំងពីឆ្នាំ 2022 លោក Bill Gates និងអ្នកស្រី Paula Hurd ធ្លាប់បានបង្ហាញខ្លួនជាមួយគ្នានៅទីសាធារណៈជាច្រើនលើក ប៉ុន្តែរហូតដល់ខែកុម្ភៈឆ្នាំ 2023 ទើបប្រភពព័ត៌មានមួយដែលជិតស្និទ្ធ បានបង្ហើបឱ្យដឹងថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។
អ្នកស្រី Paula គឺជាស្ត្រីមេម៉ាយ និងជាភរិយារបស់សពលោក Mark Hurd អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Oracle។ អ្នកស្រី Paula និងលោក Mark Hurd បានរស់នៅជាមួយគ្នាជិត 30 ឆ្នាំ និងមានកូនស្រីពីរនាក់ រហូតដល់លោក Hurd បានទទួលមរណភាពដោយសារជំងឺមហារីក កាលពីខែតុលាឆ្នាំ 2019។
អ្នកស្រី Paula បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Texas នៅ Austin។ អ្នកស្រីធ្លាប់ធ្វើការជាបុគ្គលិកធម្មតា ក៏ដូចជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា NCR រយៈពេលពីរទសវត្សរ៍។ បច្ចុប្បន្ន អ្នកស្រីធ្វើការក្នុងនាមជាអ្នកអភិវឌ្ឍ និងប្រារព្ធព្រឹត្តិការណ៍ច្រើនប្រភេទសម្រាប់បុគ្គល ក្រុមហ៊ុន និងក្រុមមនុស្សធម៌នានា។