ទួរប៊ីនខ្យល់លើសមុទ្រធំជាងគេបង្អស់លើពិភពលោកចាប់ផ្ដើមដំណើរការនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍របស់ប្រទេសចិន និងតភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីកាលពីថ្ងៃទី 19 កក្កដា ឆ្នាំ 2023។
ក្រុមហ៊ុន China Three Gorges Corporation បានតភ្ជាប់ទួរប៊ីនខ្យល់លើសមុទ្រ កម្លាំង 16 ម៉េហ្គាវ៉ាត់ (MW) ដំបូងលើពិភពលោក ទៅនឹងបណ្ដាញអគ្គិសនី។ ដោយមានអង្កត់ផ្ចិតរង្វិលជុំប្រវែង 260 ម៉ែត្រ ទួរប៊ីនខ្នាតយក្សនេះនឹងផ្គត់ផ្គង់អគ្គិសនីស្អាតដល់តម្រូវការរបស់មនុស្ស 36,000 គ្រួសារនៅប្រទេសចិន។
ទួរប៊ីនខ្យល់ដែលមានឈ្មោះថា MySE 16-260 និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន MingYang Smart Energy គឺជាទួរប៊ីនធំបំផុតដែលបានតភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនី។ ម៉ូទ័រផលិតអគ្គិសនីក្នុងស្នូលដែលដាក់លើបង្គោលទួរប៊ីនកម្ពស់ 152 ម៉ែត្រ មានទម្ងន់ 385 តោន។ ស្លាបកង្ហារនីមួយៗមានប្រវែង 123 ម៉ែត្រ និងទម្ងន់ 54 តោន។
នៅពេលវិលបានមួយជុំ ស្លាបកង្ហារបក់ក្នុងទំហំផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ស្ដង់ដាចំនួន 7 បូកចូលគ្នា និងបញ្ចូលអគ្គិសនី 34.2 គីឡូវ៉ាត់ម៉ោងទៅក្នុងបណ្ដាញអគ្គិសនីរបស់ប្រទេសចិន។ ជារៀងរាល់ឆ្នាំ ទួរប៊ីននេះនឹងផ្គត់ផ្គង់អគ្គិសនីប្រហែល 66 ជីហ្គាវ៉ាត់ម៉ោង។
ទួរប៊ីនខ្យល់សម្រាប់ដាក់លើសមុទ្រនឹងមានទំហំធំជាងនេះ នាពេលខាងមុខ។ ក្រុមហ៊ុនសាងសង់កប៉ាល់ចិន ធ្លាប់ផលិតទួរប៊ីនខ្យល់ 18 MW កាលពីខែមករា ឆ្នាំ 2023 ហើយបន្ទាប់មកទៀត នឹងជាកំណែ 20 ម៉េហ្គាវ៉ាត់៕