នេះនឹងក្លាយជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងនៅ Carolina ខាងជើងរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនឹងផ្គត់ផ្គង់សម្រាប់ទីផ្សារអាម៉េរិកខាងជើង។
នៅថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាសបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ Carolina ខាងជើង របស់សហរដ្ឋអាម៉េរិក នៅថ្ងៃទី 28 កក្កដាខាងមុខ។ រោងចក្រនេះមានទីតាំងនៅក្នុងតំបន់ឧស្សាហកម្ម Triangle Innovation Point របស់ស្រុក Chatham ក្នុងរដ្ឋ Carolina ខាងជើង។ គម្រោងដែលស្ថិតនៅលើផ្ទៃដីប្រហែល 733 ហិកតានេះ គ្រោងនឹងផលិតរថយន្តអគ្គិសនីបាន 150,000 គ្រឿង/ឆ្នាំ នៅក្នុងដំណាក់កាលទីមួយ។
យោងតាមក្រុមហ៊ុន VinFast រោងចក្រខាងលើគ្រោងនឹងផ្ដើមការផលិតចាប់ពីឆ្នាំ 2025។ មុននោះ VinFast ក៏បានប្រកាសថា បានទទួលការអនុគ្រោះក្នុងតម្លៃ 1.2 ពាន់លានដុល្លារពីរដ្ឋបាលរដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និងមូលនិធិ Golden Leaf ផងដែរ សម្រាប់គម្រោងសាងសង់រោងចក្រនេះ។
នៅប្រទេសវៀតណាម VinFast បានប្រគល់រថយន្តអគ្គិសនីដល់ដៃអតិថិជនចំនួនជាង 11 ពាន់គ្រឿង នៅក្នុង 6 ខែដើមឆ្នាំនេះ ក្នុងនោះមាន 3,155 គ្រឿង ត្រូវបានប្រគល់ក្នុងខែមិថុនាកន្លងទៅ៕