យានអវកាសដឹកមនុស្សថ្មីរបស់ប្រទេសចិន អាចដាក់មនុស្សបាន 7 នាក់ ហើយគ្រឿងសំខាន់ៗរបស់យាននេះ អាចត្រូវបានប្រើប្រាស់ឡើងវិញបានរហូតដល់ 10 ដង។
Yang Liwei ដែលជាអនុប្រធានកម្មវិធីអវកាសមានមនុស្សបើកបរ របស់ទីភ្នាក់ងារអវកាសចិន បានឱ្យដឹងថា យានអវកាសដែលអាចប្រើប្រាស់ឡើងវិញដំបូងគេរបស់ប្រទេសចិន នឹងត្រូវបានបាញ់បង្ហោះយ៉ាងឆាប់ត្រឹមឆ្នាំ 2027។ កាលពីថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យានថ្មីនេះអាចដឹកមនុស្សបាន 7 នាក់។ ប្រការនោះនឹងដើរតួនាទីសំខាន់ក្នុងការសាងសង់ស្ថានីយអវកាសចិន និងបេសកកម្មចុះចតលើឋានព្រះចន្ទ។
យានគំរូដែលមានទំហំតាមខ្នាតផ្លូវការមួយគ្រឿងរបស់ស្ថាប័នខាងលើ បានបញ្ចប់ដោយជោគជ័យនូវជើងហោះហើរសាកល្បងរយៈពេល 67 ម៉ោង និងប្រើប្រាស់រ៉ុក្កែត Long March 5 កាលពីឆ្នាំ 2020។
តាមទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដាគ្រឿងសំខាន់ៗរបស់យានអវកាសនេះ អាចប្រើប្រាស់ឡើងវិញបាន 10 ដង ដែលនេះនឹងជួយកាត់បន្ថយការចំណាយបានច្រើន។
យានអវកាសថ្មីខាងលើរបស់ប្រទេសចិន អាចបៀបស្មើទៅនឹងបណ្ដាយានអវកាសជំនាន់ថ្មីរបស់សហរដ្ឋអាម៉េរិក ដែលមានដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕