(សហរដ្ឋអាម៉េរិក) – ថ្ងៃហ្វឹកហាត់ដំបូងរបស់ Lionel Messi នៅក្លឹប Inter Miami បើកទ្វារសម្រាប់តែអ្នកសារព័ត៌មានប៉ុណ្ណោះ ខណៈសាធារណជនទូទៅមិនត្រូវបានអនុញ្ញាតឱ្យចូលមើលឡើយ។
កាលពីថ្ងៃទី 18 កក្កដា មួយថ្ងៃកន្លះបន្ទាប់ពីព្រឹត្តិការណ៍បង្ហាញខ្លួននៅកីឡដ្ឋាន DRV PNK កំពូលតារាបាល់ទាត់ Messi និង Sergio Busquets ក៏បានចាប់ផ្ដើមហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមថ្មី។ ក្នុងពេលហាត់ ក្លឹបនេះអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលថតរូប និងថតវីដេអូ និងមិនបើកទ្វារសម្រាប់សាធារណជនទូទៅឡើយ។ ប្រការនេះគឺផ្ទុយពីការទទួលស្វាគមន៍អ្នកគាំទ្រនៅក្នុងថ្ងៃហ្វឹកហាត់ដំបូងរបស់ Cristiano Ronaldo នៅឯក្លឹប Al Nassr។
ការហ្វឹកហាត់បានចាប់ផ្ដើមពីម៉ោង 9 ព្រឹក ដែលមានសីតុណ្ហភាពប្រហែល 30 អង្សាសេ។ គ្រូបង្វឹក Tata Martino និងមិត្តរួមក្រុមបានទទួលស្វាគមន៍សមាជិកថ្មី ដោយការឱប និងគោះដៃគ្នា។ គ្រូបង្វឹក Tata Martino ក៏ធ្លាប់បានដឹកនាំ Messi និង Busquets នៅឯក្លឹប Barca។
អតីតតារាបាល់ទាត់ David Beckham ដែលជាប្រធាន និងជាសហស្ថាបនិករបស់ក្លឹប Inter Miami ក៏មានវត្តមាននៅក្នុងថ្ងៃហ្វឹកហាត់ដំបូងរបស់ Messi។
ក្លឹប Inter Miami បានទទួលជោគជ័យក្នុងការបញ្ចូលបញ្ចូល Messi និង Busquets បន្ទាប់ពី M10 ចប់កិច្ចសន្យាជាមួយនឹងក្លឹប PSG នៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ ក្រៅពី Messi និង Busquets ក្លឹប Inter Miami ក៏គ្រោងនឹងទទួលស្វាគមន៍សមាជិកថ្មីមួយរូបទៀតនៅថ្ងៃនេះ នោះគឺ Jordi Alba។ ខ្សែការពារជនជាតិអេស្ប៉ាញរូបនេះក៏ចូលជាសមាជិកក្លឹប Inter Miami តាមទម្រង់សេរី។