ទួរប៊ីនខ្យល់របស់ X1 Wind មានទម្រដែលមានរូបរាងដូចសជី ឬពីរ៉ាមីត តូចលើធំក្រោម អមនឹងប្រព័ន្ធពោងអណ្ដែតលើទឹក អនុញ្ញាតឱ្យវាផ្លាស់ទីទៅកាន់កន្លែងមានខ្យល់បក់ ដូច្នេះវាអាចផលិតអគ្គិសនីស្ទើរតែមិនឈប់ឈរ។
ទម្រទួរប៊ីនខ្យល់ X1 Wind បំពាក់បច្ចេកវិទ្យា PivotBuoy ដែលក្នុងនោះ គ្រឹះរបស់វាតភ្ជាប់ជាមួយនឹងទីតាំងមួយដែលអនុញ្ញាតឱ្យទម្រផ្លាស់ទីទៅតាមទិសរបស់ខ្យល់។ ប្រព័ន្ធនេះដំណើរការបានល្អបំផុតនៅពេលវាបែរខ្នងដាក់ខ្យល់ដែលបក់មកពីខាងក្រោយ។ ប្រភេទទួរប៊ីនខ្យល់នេះជួយឱ្យវាមិនប្រឈមនឹងការប៉ះទង្គិចរវាងស្លាបកង្ហារ និងដងខ្លួន ព្រមទាំងកាត់បន្ថយការចំណាយក្នុងការផលិត និងដំឡើង ក៏ដូចជាមានប្រសិទ្ធភាពខ្ពស់ក្នុងការផលិតអគ្គិសនី។
កំណែដំបូងរបស់ X1 Wind មានឈ្មោះថា X30 ដែលត្រូវបានដាក់ពង្រាយ និងធ្វើតេស្តនៅប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ។ គម្រោងខាងលើបានចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ 2019 ហើយដំណើរការផលិតសម្រេចបានកាលពីខែវិច្ឆិកាឆ្នាំ 2020 ខណៈដែលការសាកល្បងប្រព័ន្ធអម និងការដំឡើងគ្រឹះ និងខ្សែកាប ត្រូវបានធ្វើឡើងរួចរាល់កាលពីពាក់កណ្ដាលឆ្នាំ 2022។
តាមផែនការ គម្រោងពាណិជ្ជកម្មរបស់ X1 Wind នឹងត្រូវបានធ្វើឡើងនៅលើតំបន់សមុទ្រមេឌីទែរ៉ាណេរបស់បារាំង នៅឆ្នាំ 2025។ នេះបើយោងតាមទំព័រ Design Boom។