កាលពីថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បានបញ្ចុះតម្លៃរថយន្តអគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់កំណែស្ដង់ដា) ព្រោះតែចង់បង្កើនចំណែកទីផ្សាររបស់ខ្លួន នៅក្នុងទីផ្សារដែលត្រូវបានគ្រប់គ្រងដោយ Tesla។
Ford បានដំឡើងថ្លៃ Lightning កាលពីដើមឆ្នាំនេះ ហើយក្រោយមក ក្រុមហ៊ុននេះក៏ឱ្យដឹងថា ពួកគេអាចបញ្ចុះតម្លៃបន្ទាប់ពីការកែលំអនានាសម្រាប់រថយន្តនេះ។ ក្នុងត្រីមាសទីពីរ ចំនួនរថយន្តអគ្គិសនី Ford ដែលបានលក់ចេញ បានថយចុះ 2.8%។
ការបញ្ចុះតម្លៃរបស់ Ford កើតឡើងក្នុងគ្រាដែលការប្រកួតប្រជែកតម្លៃដែលបានចាប់ផ្ដើមដោយ Tesla កាលពីប៉ុន្មានខែមុន ធ្វើឱ្យរថយន្តអគ្គិសនីរបស់បណ្ដាក្រុមហ៊ុនចាស់ៗត្រូវគរលើគ្នានៅតាមទីតាំងចែកចាយ ដោយសារតែល្បឿននៃការលក់ចេញបានថមថយ។
បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃចាប់ពី 49,995 ដុល្លារអាម៉េរិក ទាបជាងបន្តិចបើធៀបនឹងតម្លៃ 59,974 ដុល្លារដែលបានលក់មុននោះ។ ចំណែកកំណែ Platinum លំដាប់ប្រណិតជាងនឹងមានតម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុនរបស់ Ford ក៏បានធ្លាក់ថ្លៃនៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេលបញ្ចប់ការជួញដូរកាលពីម្សិលមិញ៕