មហាសេដ្ឋីអាម៉េរិក លោក Elon Musk បង្ហាញការពេញចិត្តនឹងរូបថតដែលបង្ហាញពីទិដ្ឋភាពដែលលោកកាន់ដៃមហាសេដ្ឋី Mark Zuckerberg ដែលគូរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅពេលដែលរឿងរ៉ាវបបួលគ្នាឡើងសង្វៀនប្រកួតកំពុងត្រូវបានសាធារណជនចាប់អារម្មណ៍ខ្លាំង។
កាលពីថ្ងៃទី 14 កក្កដា ជាងថតរូប Julian Van Dieken បានបង្ហោះកម្រងរូបភាពបង្ហាញពីទិដ្ឋភាពមហាសេដ្ឋី Elon Musk និង Mark Zuckerberg សប្បាយរីករាយជាមួយគ្នានៅលើឆ្នេរសមុទ្រ។ Julian Van Dieken ឱ្យដឹងថា រូបភាពនេះគឺជាការរួមផ្សំដោយការប្រើប្រាស់ឧបករណ៍ AI ឈ្មោះ Midjourney, Insight, Adobe Firefly, Photoshop, Dazz Cam និង FaceApp។ នៅក្នុងការស្រមៃរបស់ AI ជំនួសឱ្យការបញ្ចប់ការប្រកួតនៅលើសង្វៀនប្រដាល់ មហាសេដ្ឋីទាំងពីររូបនេះបែរជាសប្បាយរីករាយ ចាប់កាន់ដៃគ្នារត់លេងលើឆ្នេរសមុទ្រដូចគូសង្សារ។
មួយថ្ងៃក្រោយមក គណនី Sir Doge of the coin បានបង្ហោះរូបភាពទាំងនេះជាថ្មីនៅលើ Twitter ហើយក៏ទាក់ទាញអ្នកចូលចិត្តជាង 142 ពាន់លើក, មតិជាង 5 ពាន់លើក និងចែករំលែកបន្តជាង 17 ពាន់លើក។ បច្ចុប្បន្ន កម្រងរូបថតខាងលើរបស់គណនីនេះ មានអ្នកចូលមើលប្រមាណ 8 លានលើក។
ថ្ងៃទី 16 កក្កដា លោក Elon Musk ក៏បានបញ្ចេញមតិជារូបសើចចេញទឹកភ្នែក ទាក់ទាញអ្នកចូលចិត្តបានជិត 13 ពាន់លើក។ អ្នកលេងបណ្ដាញសង្គមជាច្រើនយល់ថា នេះនឹងជាការបញ្ចប់ដ៏សមហេតុផលសម្រាប់ការប្រកួតរបស់មហាសេដ្ឋីទាំងពីររូបនេះ។
ការភ្នាល់ប្រកួតវាយគ្នាលើសង្វៀងប្រដាល់រវាងម្ចាស់ Twitter និងម្ចាស់ Facebook កើតឡើងដោយវិធីចម្លែកខុសគេ។ រឿងរ៉ាវចាប់ផ្ដើមពីពេលលោក Musk និយាយលេងកាលពីថ្ងៃទី 21 មិថុនាថា លោកនឹងទទួលការប្រកួតក្នុងទ្រុងជាមួយម្ចាស់ Facebook។ មួយថ្ងៃក្រោយមក CEO របស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏បានបង្ហោះសារលើ Instagram ថា «បញ្ជូនទីតាំងមកឱ្យខ្ញុំ» ដែលនេះជាសញ្ញាបញ្ជាក់ថា Zuckerberg បានទទួលយកការបបួលប្រកួត។
ក្នុងរយៈពេលច្រើនថ្ងៃក្រោយមកទៀត ព័ត៌មានស្ដីពីការប្រកួតលើសង្វៀនរវាងមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង និងមហាសេដ្ឋីអាម៉េរិកដើមកំណើតជ្វីប ក៏ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់ ហើយនេះក៏ជាព្រឹត្តិការណ៍ដែលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំ៕