អ្នកដឹកនាំរឿង «Mission: Impossible 7» និយាយថា មិនប្រើប្រាស់កម្មវិធីបំប្លែងរូបភាព Tom Cruise ឱ្យក្មេងជាងវ័យ ដោយយល់ថា បច្ចេកវិទ្យាមិនអាចជួយដល់ភាពយន្តនៅក្នុងបញ្ហានេះ។
នៅលើទំព័រ GamesRadar+ និង Total Film កាលពីថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជាអ្នកដឹករឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូងឡើយ ក្រុមការងារប្រុងប្រើប្រាស់កម្មវិធីកុំព្យូទ័រសម្រាប់ទិដ្ឋភាពបើកឆាក ដែលជាឈុតឆាករម្លឹកអំពីតួអង្គសំខាន់ Ethan Hunt (សម្ដែងដោយ Tom Cruise) កាលពីឆ្នាំ 1989។
ក្រោយពីបានពិចារណា McQuarrie យល់ថា លោកមិនចូលចិត្តការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីធ្វើឱ្យ Tom Cruise ដែលមានវ័យ 61 ឆ្នាំ ប្រែជាកំលោះភ្លាមៗនៅលើអេក្រង់។ អ្នកដឹកនាំរឿងរូបនេះនិយាយថា ប្រការនេះធ្វើឱ្យលោកបាត់បង់ការផ្ដោតអារម្មណ៍សម្រាប់ខ្លឹមសារសំខាន់របស់ភាពយន្ត និងយល់ថា មិនទាន់ចាំបាច់។
បច្ចុប្បន្ន វគ្គ 7 របស់យីហោ «Mission: Impossible» កំពុងតែមានស្ថានភាពល្អនៅឯបញ្ជរលក់សំបុត្រនៅរោងកុន។ Variety អះអាងថា ភាពយន្តរបស់ Tom Cruise អាចរកចំណូលបានយ៉ាងតិច 60 ដុល្លារអាម៉េរិកនៅក្នុង 5 ថ្ងៃដំបូងនៃការចាប់បញ្ចាំង ហើយអាចក្លាយជាវគ្គដែលរកចំណូលបានច្រើនជាងគេរបស់ «Mission: Impossible»។
បច្ចុប្បន្ន ក្រុមការងារកំពុងតែផលិតវគ្គ 8 ដែលមានឈ្មោះថា «Dead Reckoning Part Two» ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុននៅឆ្នាំក្រោយ។ ចំណែក Tom Cruise វិញ ក៏កំពុងត្រៀមខ្លួនសម្រាប់គម្រោងភាពយន្តដែលត្រូវថតនៅទីអវកាស របស់អ្នកដឹកនាំរឿង Doug Liman៕