តាក់ស៊ីហោះលើទឹកដែលដំណើរការដោយអគ្គិសនី មានកៅអីចំនួនប្រាំ បំពាក់ស្លាបក្រោមទឹករបស់ SeaBubbles ចាប់ផ្ដើមដំណើរការដឹកភ្ញៀវនៅឯបឹង Annecy ប្រទេសបារាំង។
Bubble គឺជាទូកបំពាក់ស្លាបក្រោមទឹកដំណើរការដោយអគ្គិសនីដំបូងដែលទទួលបានសិទ្ធិដឹកជញ្ជូនភ្ញៀវនៅប្រទេសបារាំង។ Bubble បានបង្ហាញខ្លួនកាលពីឆ្នាំ 2017 ក្នុងទម្រង់តាក់ស៊ីហោះមានស្លាបក្រោមទឹកដំណើរការដោយអគ្គិសនី ដែលធ្វើការសាកល្បងបច្ចេកវិទ្យានៅទីក្រុងប៉ារីស និងដឹកភ្ញៀវសាកល្បងនៅឆ្នាំ 2018 ហើយបច្ចុប្បន្នបានចាប់ផ្ដើមផ្ដល់សេវាកម្មក្នុងទម្រង់ពាណិជ្ជកម្ម។ នេះបើតាម Design Boom។
តាក់ស៊ីហោះលើទឹកអគ្គិសនីនេះ ទទួលភ្ញៀវដំបូងនៅឯកំពង់ផែក្នុងតំបន់ Veyrier-du-Lac និងធ្វើដំណើរទៅកាន់ Annecy les Marquisats ចាប់ពីដើមខែកក្កដា 2023។ ចាប់ពីថ្ងៃទី 01 កក្កដា ដល់ 31 សីហា 2023 សមាគម Grand Annecy និង SeaBubbles Mobility Solutions សហការគ្នាដំណើរការទូកអគ្គិសនីនេះដូចទៅនឹងមធ្យោបាយធ្វើដំណើរសាធារណៈនៅក្នុងទីក្រុង។
ទូកហោះលើទឹក Bubbles នឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបាន 100 តោន នៅលើបឹង Annecy ព្រមទាំងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមផ្លូវក្បែរមាត់បឹងនេះផងដែរ។
SeaBubbles មិនបានបង្ហើបឱ្យដឹងច្រើនអំពីទូកហោះនេះ ប៉ុន្តែគេដឹងថា វាប្រើប្រាស់ថ្មផ្ទុកអគ្គិសនីអាចធ្វើដំណើរក្នុងល្បឿន 22 គីឡូម៉ែត្រ/ម៉ោង។ ដោយសារតែប្រើប្រាស់ស្លាបក្រោមទឹក ទូកអគ្គិសនីនេះដែលមានទំហំ 5 x 2.5 ម៉ែត្រនេះ កាត់បន្ថយកម្លាំងកកិតនឹងផ្ទៃទឹកបានយ៉ាងច្រើន និងមានល្បើនលឿន ព្រមទាំងមានសំឡេងស្ងាត់ផងដែរ។
បន្ទាប់ពីបានបង្ហាញ Bubbles ក្រុមហ៊ុន SeaBubbles កំពុងតែអភិវឌ្ឍ SmartBubbles ដែលជាកំណែធំជាងមុន អាចដាក់មនុស្សបានពី 8 ទៅ 12 នាក់។ កំណែទីពីរដែលអាចបញ្ចូលថាមពលអគ្គិសនីមួយពេញចំណាយពេលតែ 4 នាទីនេះ ក៏កំពុងត្រូវបានធ្វើតេស្ត និងវាយតម្លៃនៅលើបឹង Annecy៕