Skip to content

អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ជាង 9លាន​អ៊ឺ​រ៉ូ លើ​គម្រោង​ស​ម្រូ​ល​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ស​ម្រូ​ល​ដល់​ពាណិជ្ជកម្ម​ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ទៅនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 9.35លាន​អ៊ឺ​រ៉ូ​សម្រាប់​អនុវត្ត​គម្រោង​ខាងលើ​ឱ្យ​កាន់តែ​ប្រសើរឡើង។

គម្រោង​នេះ​ត្រូវបាន​ប្រគល់​ដល់​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយថ្មីៗនេះ ជា​កិច្ច​ចាប់ផ្ដើម​បេសកកម្ម​វាយតម្លៃ​គម្រោង​ថ្មី​ដែល​រួមមាន​ការផ្ដល់​ហិរញ្ញប្បទាន​ដោយ​សហគមន៍​អឺរ៉ុប និង​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ និង​អង្គការ GIZ ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​ផ្ទាល់។

លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា គោលបំណង​ធំ​របស់​គម្រោង​ថ្មី​នេះ គឺ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ច​រប​ស់​កម្ពុជា​ទៅនឹង​ការធ្វើសមាហរណកម្ម​អាស៊ាន ជាពិសេស​ដើម្បី​ឱ្យមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ចូលរួម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ក្រៅពី​នេះដែរ គម្រោង​នេះ​នឹង​បន្តការងារ​ដែល​សម្រេច​បាន​ក្រោម​ការអនុវត្ត​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ដែល​បានបញ្ចប់​នៅ​ឆ្នាំ2016 កន្លងទៅ ដើម្បី​ជំរុញ​សកម្មភាព​ទាំងនោះ​ឱ្យ​អភិវឌ្ឍ​បន្ថែម​មួយកម្រិត​ទៀត​សំដៅ​ទៅរក​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។ គម្រោង​ថ្មី​នេះ​នឹង​ផ្ដោតទៅលើ​សមាសភាព​ចំនួន3គឺ៖

1.កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បញ្ហា​អន្តរ​វិស័យ​នានា

2.គោលនយោបាយ​ពាណិជ្ជកម្ម​សមាហរណកម្ម​អាស៊ាន ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់

3.ពង្រឹង​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការងារ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​ការចូលរួម​ជា​យោបល់​បន្ថែម​ទៅលើ​ការរៀបចំ​គម្រោង​នេះ​ពី​បណ្ដា​នាយកដ្ឋាន​មួយចំនួន​ក្នុង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​តំណាង​ពី​ក្រសួង និង​ស្ថាប័ន​ដទៃទៀត​ដែរ។ បេសកកម្ម​វាយតម្លៃ​គម្រោង​នេះ​នឹង​ត្រៀម​ធ្វើការ​បូកសរុប នៅ​ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ ដើម្បី​ឱ្យដឹងថា សកម្មភាព​នេះ​អនុវត្ត​ធ្វើឡើង​ទទួលបាន​ផល​បែបណា​ត្រឡប់មកវិញ​ក្នុង​គម្រោង​ជួយ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរឡើង​នាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *