កាលពីជិតពីរឆ្នាំមុន BMW បានបង្ហាញម៉ូតូអគ្គិសនីធុនស្រាលដែលមានឈ្មោះថា CE 02 ហើយពេលនេះ BMW 02 បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាម៉ូតូអគ្គិសនីថ្មីបំផុតរបស់យីហោនេះ។
BMW និយាយថា «នេះគឺជាម៉ូតូសម្រាប់ជិះក្នុងទីក្រុងដែលមមាញឹក និងផ្ដោតលើអតិថិជនជាយុវវ័យ»។ ម៉ូតូនេះមានល្បឿនអតិបរមា 95 គីឡូម៉ែត្រ/ម៉ោង គ្រប់គ្រាន់សម្រាប់ការបើកបរក្នុងទីក្រុង ប៉ុន្តែមិនអាចបើកបរលើផ្លូវល្បឿនលឿន។
នៅសហរដ្ឋអាម៉េរិក BMW CE 02 មានតម្លៃចាប់ពី 7,599 ដុល្លារ ប្រហែលនឹង 31,000,000 រៀលក្នុងមួយគ្រឿង។ នេះក៏ជាម៉ូតូអគ្គីសនីតម្លៃទាបបំផុតដំបូងបង្អស់របស់ BMW គិតមកដល់បច្ចុប្បន្ន។
ថ្មប្រភេទ lithium-ion ចំនួនពីរគ្រាប់ កម្លាំង 1.97 គីឡូវ៉ាត់ម៉ោង ដែលអាចដោះចេញបាន អាចផ្គត់ផ្គង់ថាមពលសម្រាប់ម៉ូទ័រអគ្គិសនីកម្លាំង 15 សេះ និងកម្លាំងបង្វិលកង់ 55Nm។ ប្រព័ន្ធទាំងនេះអនុញ្ញាតឱ្យម៉ូតូទម្ងន់ 132 គីឡូក្រាមបង្កើនល្បឿនពី 0 ទៅ 48 គីឡូម៉ែត្រ/ម៉ោងដោយប្រើពេល 3 វិនាទី មុនពេលមានល្បឿនដល់ 95 គីឡូម៉ែត្រ/ម៉ោង។
BMW CE 02 អាចធ្វើដំណើរបាន 90 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលមួយពេញ ស្របទៅតាមស្ដង់ដា WMTC។ ម៉ូតូនេះផ្ដល់ជម្រើសពីរក្នុងការបញ្ចូលថាមពលអគ្គិសនី រួមមានប្រភេទ 0.9 ឬ 1.5 គីឡូវ៉ាត់។ ប្រភេទ 0.9 គីឡូវ៉ាត់អាចបញ្ចូលអគ្គិសនីពី 20% ឡើងដល់ 80% ក្នុងរយៈពេល 170 នាទី ប៉ុន្តែការបញ្ចូលពី 0 ឱ្យឡើងដល់ 100% នឹងត្រូវចំណាយពេល 5.5 ម៉ោង។
ជម្រើសប្រភេទ Highline អាចកាត់បន្ថយពេលវេលានៃការបញ្ចូលអគ្គិសនីពី 20 ដល់ 80% មកនៅត្រឹម 140 នាទី។ ចំណែកការបញ្ចូលពី 0 ឱ្យដល់ 100% គឺត្រូវចំណាយពេល 290 នាទី លឿនជាង 40 នាទី ធៀបនឹងប្រភេទស្ដង់ដា៕