ភ្នំពេញ៖ ពិធីប្រគល់-ទទួលស្ពានកោះកុង (ឬហៅថាស្ពានមិត្តភាពកម្ពុជា-ថៃ) ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ដោយឥតគិតថ្លៃ បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017នេះតទៅ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចួន។
ឯកឧត្តម វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅខេត្តកោះកុង ប្រទេសកម្ពុជា ក៏ដូចជាប្រជាជនរស់នៅខេត្តត្រាត ប្រទេសថៃដែរនោះ បានសម្តែងការសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានទិញស្ពានមួយនេះពីក្រុមហ៊ុនលីយ៉ុងផាត់មកដាក់ជាសម្បត្តិសាធារណរបស់រដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករទូទៅ ធ្វើដំណើរឆ្លងកាត់ទៅមកដោយមិនយកលុយ។
សម្រាប់តម្លៃដែលអ្នកធ្វើដំណើរឆ្លងកាត់ត្រូវបង់កាលពីពេលកន្លងមក ក្នុងនោះឡានតូចលក្ខណៈគ្រួសារត្រូវបានបង់ប្រាក់ចំនួន48បាត ឬស្មើនឹង5000រៀល ឡានធំត្រូវបង់ប្រាក់ថ្លៃឆ្លងកាត់ចំនួន9000រៀល និងម៉ូតូត្រូវបង់ប្រាក់1400រៀល ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់មកដោយមិនបាច់បង់ប្រាក់មក ប្រជាពលរដ្ឋនៅតំបន់នោះមានការសប្បាយរីករាយ ដោយបាននាំគ្នាជិះរថយន្ត ម៉ូតូ ទៅ-មកកម្សាន្តនៅតំបន់នោះដូចជាតំបន់ទេសចរណ៍មាត់ទន្លេនៅរាជធានីភ្នំពេញយើងដែរ។
ស្ពានកោះកុងត្រូវបានគេមើលឃើញថា ជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវដែនសមុទ្រភាគខាងត្បូងរបស់កម្ពុជាដែលមានសក្តានុពលខាងការដឹកជញ្ជូនផ្លូវជិតជាងគេពីប្រទេសថៃឆ្លងកាត់កម្ពុជាចេញចូលទៅប្រទេសវៀតណាម។ ឯកឧត្តម វ៉ា ស៊ឹម សូរិយា បានមានប្រសាសន៍បន្ថែមថា «នេះគឺជាគោលនយោបាយតភ្ជាប់ទំនាក់ទំនងក្នុងតំបន់នៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន» ។
គួរបញ្ជាក់ថា ស្ពានកោះកុង (ឬស្ពានមិត្តភាពកម្ពុជា-ថៃ) មានប្រវែងប្រមាណជា2,000ម៉ែត្រ ដែលជាស្ពានឆ្លងកាត់សមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនលីយ៉ុងផាត់កាលពីឆ្នាំ2002៕